(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គោលនយោបាយអាទិភាព បាននិងកំពុងជំរុញសហគមន៍កសិកម្មទំនើប ឱ្យសមត្ថភាពក្នុងការផលិតក្នុងទ្រង់ទ្រាយធំ ទុនផលិតទាប មានស្ថិរភាពតម្លៃ ផ្តល់ផលចំណេញដល់កសិកម្ម ដោយស្មើភាព។

ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសដែល លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ លោក Jacques Pallet អគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានបង្ហាញនូវសុទិដ្ឋិនិយម ដែលប្រទេសបារាំងចង់សហការរៀបចំវេទិកាជំនួញលើកទី៣ របស់អង្គការសហប្រជាជាតិ (UNOC3) នៅកម្ពុជា ដែលអាចនឹងមានការចូលរួមច្រើនពីបណ្តាប្រទេសនានា ផ្អែកលើបទពិសោធន៍កម្ពុជាលើការរៀបចំវេទិកាអន្តរជាតិកន្លងមក ជាពិសេសសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង និងសមិទ្ធផលជាច្រើនដែលសម្រេចបានជាមួយគ្នា។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកានេះ ជាឱកាសដែលកម្ពុជាអាចពន្យល់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្មរបស់ខ្លួន ដោយផ្តោតលើការធានាឱ្យបាននូវសន្តិសុខស្បៀង ធ្វើឱ្យមាននិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ការជំរុញការប្រើប្រាស់វត្ថុធាតុដើមសម្រាប់ឧស្សាហកម្ម ការបង្កើតឱ្យមានតម្លៃបន្ថែមខ្ពស់ សម្រាប់ផលិតផលកសិកម្ម និងមានការងារធ្វើពេញមួយឆ្នាំ។

លើសពីនេះទៀត លោករដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «គោលនយោបាយអាទិភាព ដែលបាននិងកំពុងជំរុញសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាព ក្នុងការផលិតក្នុងទ្រង់ទ្រាយធំ ទុនផលិតទាប មានស្ថិរភាពតម្លៃ ផ្តល់ផលចំណេញដល់កសិកម្ម ដោយស្មើភាព»។ ទាក់ទងនឹងការងារនេះ លោករដ្ឋមន្ត្រី ស្វាគមន៍វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីចូលរួមជំរុញសហគមន៍កសិកម្មទំនើបថ្មីនេះ។

បើតាម លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា និរន្តរភាពសហគមន៍កសិកម្ម គឺយើងជាអ្នកបង្កើតវាឡើង ដោយមានការគាំទ្រពីក្រសួង និងដៃគូអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ថា ជាគោលដៅគឺធ្វើការជំរុញកសិ-ពាណិជ្ជកម្ម និងធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស៕