(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការងារស្ថិតិ និងអត្រានុកូលដ្ឋាន គឺជាកិច្ចការដ៏មានសារសំខាន់ និងជាសេវាដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវការក្នុងជីវភាពប្រចាំថ្ងៃ។ ដូច្នេះមន្ត្រីដែលបំពេញការងារនេះ ត្រូវបន្តពង្រឹងសមត្ថភាព និងត្រូវយល់ឱ្យបានច្បាស់អំពី គោលបំណង និងខ្លឹមសារនៃច្បាប់ថ្មី។

ការលើកឡើង និងការស្នើបែបនេះរបស់លោក កើត ឆែ បានធ្វើឡើង ខណៈលោកបានអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបិទ «សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដា្ឋន និងអត្តសញ្ញាណកម្ម» ជូនដល់ថ្នាក់ដឹកនាំ-មន្ត្រីរាជការ រដ្ឋបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរដ្ឋបាលខណ្ឌ-សង្កាត់ និងមន្ទីរ-អង្គភាពក្រោមឱវាទ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក បណ្ឌិត តូប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោក កែ ប៊ុនឡេង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ។

លោក កើត ឆែ បន្តថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន គឺសំដៅពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាអត្រានុកូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនានា។ អង្គសិក្ខាសាលានេះធ្វើឡើង ដើម្បីទទួលយកនូវចំណេះដឹងថ្មី សម្រាប់ជាទុនបន្ថែម និងជាមូលដ្ឋាន ឈានទៅអនុវត្តច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះតទៅ។

លោកបន្តថា ការងារស្ថិតិ និងអត្រានុកូលដ្ឋាន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាសេវាដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវការក្នុងជីវភាពប្រចាំថ្ងៃ ហើយឯកសារអត្រានុកូលដ្ឋាន គឺជាឯកសារបញ្ជាក់អំពីស្ថានភាពរបស់បុគ្គលម្នាក់ៗ ដែលរួមមាន៖ (១) កំណើត (២) ការរៀបអាពាហ៍ពិពាហ៍ និង (៣) មរណភាព។

លោកបន្តទៀតថា សម្រាប់ទិដ្ឋភាពច្បាប់ ឯកសារអព្រានុកូលដ្ឋាន គឺជាភស្តុតាងលាយលក្ខណ៍អក្សរដែលបង្ហាញអំពីស្ថានភាពគតិយុត្តរបស់បុគ្គលម្នាក់១ និងប្រើប្រាស់ជាមូលដ្ឋាន ក្នុងការកំណត់សិទ្ធិ និងកាតព្វកិច្ចផ្សេងៗផងដែរ។

ឈរលើមូលដ្ឋាននេះ និងអនុលោមតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម រយៈ ពេល១០ឆ្នាំ (២០១៧-២០២៦) ក្នុងគោលដៅពង្រឹង និងធ្វើទំនើបកម្មការងារអត្តសញ្ញាណកម្ម, ច្បាប់ស្ដីពីរតនុកូលដ្ឋាន ស្ថិត អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ហើយនឹងចូលជាធរមាន នាពេលឆាប់ៗខាងមុខនេះ។

លោក កើត ឆែ បានបញ្ជាក់ថា ការគ្រប់គ្រងអត្តសញ្ញាណរបស់ប្រជាជន ជាកិច្ចការសន្តិសុខថ្នាក់ជាតិដ៏មានសារៈសំខាន់ ដែលឱ្យអាជ្ញាធរអាចគ្រប់គ្រង និងបង្ការនូវបទល្មើសបាន។ លោកស្នើឲ្យមន្ត្រីដែលបំពេញការងារអត្រានុកូលដ្ឋាន ត្រូវបន្តពង្រឹងសមត្ថភាព និងត្រូវយល់ឱ្យបានច្បាស់អំពី គោលបំណង និងខ្លឹមសារនៃច្បាប់ថ្មី ព្រមទាំងត្រូវដុសខាត់ចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាផងដែរ។ ទីចាត់ការរដ្ឋបាល ត្រូវលើកផែនការបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២៥ ឱ្យបានរួសរាន់។

ក្នុងអំឡុងពេលអនុវត្តច្បាប់ថ្មី, ក្នុងករណីដែលមានភាពស្រពិចស្រពិល ឬមិនច្បាស់លាស់ត្រង់ចំណុចណាមួយ មន្ត្រីអត្រានុកូលដ្ឋានថ្នាក់សង្កាត់ និងមន្ត្រីពាក់ព័ន្ធថ្នាក់ខណ្ឌ ត្រូវទំនាក់ទំនងមកការិយាល័យ ស្ថិតិ និងអត្រានុកូលដ្ឋាន ទីចាត់ការរដ្ឋបាល សាលារាជធានីភ្នំពេញ ដើម្បីសុំការបញ្ជាក់៕