(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រយៈពេល១០ខែនេះ រាជរដ្ឋាភិបាលនីតិកាលថ្មីធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ខណៈដែលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ទោះបីថាសេដ្ឋកិច្ចកម្ពុជាមិនទាន់ដំណើរការល្អដូចមុនដំណាក់កាលកូវីដ ប៉ុន្ដែរាជរដ្ឋាភិបាលដាក់ចេញវិធានការបន្ដបន្ទាប់ដើម្បីដោះស្រាយបញ្ហានានា។

សម្ដេចថ្លែងបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា វិស័យឯកជន ដើរតួនាទីបំពេញឱ្យរដ្ឋ ព្រោះរដ្ឋធ្វើតែឯងមិនទាន់នោះទេ សូម្បីតែរឿងសុខាភិបាល ហេដ្ឋារចនាសម្ពន្ធ ឬវិស័យការងារជាដើម រដ្ឋមិនអាចយកប្រជាពលរដ្ឋឱ្យចូលធ្វើការ១ឆ្នាំ២០ម៉ឺននាក់នោះទេ គឺត្រូវមានវិស័យឯកជនជួយស្រូបយក, សាលារៀនក៏ដូចគ្នា គឺត្រូវមានសាលាឯកជនពង្រាយនៅតាមខេត្ត ដើម្បីឱ្យនិស្សិតនៅតាមខេត្តអាចមានលទ្ធភាពចូលរៀន, វិស័យសុខាភិបាលក៏ដូចគ្នា ប្រសិនបើពឹងតែពេទ្យរដ្ឋ គឺព្យាបាលអ្នកជំងឺមិនទាន់ទេ ដូច្នេះត្រូវមានគ្លីនិកឯកជនដើម្បីជួយព្យាបាល។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ចំពោះហេដ្ឋារចនាសម្ពន្ធ រដ្ឋយើងបានផ្លូវជាតិ ផ្លូវលំមួយចំនួន ប៉ុន្តែបើចង់ធ្វើឱ្យលឿនដូចជាផ្លូវហាយវ៉េ ឬព្រែកជីកហ្វ៊ូណន ឬធ្វើផ្លូវដែក ប្រសិនគ្មានការចូលរួមពីវិស័យឯកជន រដ្ឋយើងប្រាកដជាធ្វើយូរ អីចឹងបានបើកឱ្យវិស័យឯកជនជួយធ្វើ តាមរយៈយន្តការ BOT ជាដើម»

សម្ដេចបានបន្តថា គុណសម្បត្តិម្យ៉ាងទៀតនៃវិស័យ​ឯកជន គឺធានាប្រសិទ្ធភាព និងប្រសិទ្ធផល។ សម្ដេចធិបតីបានអះអាងថា មិនមែនរដ្ឋគ្មានសមត្ថភាពធ្វើបានល្អដូចឯកជននោះទេ ប៉ុន្តែភាគីរដ្ឋមានការងារជាច្រើនដែលត្រូវផ្ដល់សេវាកម្មជាច្រើន ទើបប្រគល់ឱ្យភាគីឯកជនជួយធ្វើ ហើយរដ្ឋផ្ដោតលើគោលនយោបាយ និងការគាំទ្រផ្សេងៗ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា ការផ្ដល់សិទ្ធិដល់វិស័យឯកជនជួយអនុវត្តកិច្ចការសុខាភិបាល ការងារ អប់រំ ឬក៏ហេដ្ឋារចនាសម្ពន្ធទាំងនេះហើយ គឺជាការអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕