(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បណ្តាញព័ត៌មានដ៏ល្បីបំផុតរបស់សហរដ្ឋអាមេរិក និងលំដាប់ពិភពលោក បានចេញផ្សាយអំពីដំណឹងដ៏ល្អ របស់កម្ពុជានោះគឺថា «ឥឡូវនេះកម្ពុជាមានបណ្តាញទំនាក់ទំនងសង្គមឆាតផ្ទាល់ខ្លួនហើយគឺ CoolApp» ដែលត្រូវបានផ្សព្វផ្សាយដោយមេដឹកនាំបុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

CNN បានចេញផ្សាយថា «កម្មវិធីផ្ញើសារ CoolApp ត្រូវបានដាក់ឱ្យដំណើរការក្នុងខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីប្រជែងជាមួយកម្មវិធី WhatsApp និង Telegram និងដើម្បីទប់ស្កាត់មិនឲ្យបរទេសចូលជ្រៀតជ្រែកព័ត៌មានរបស់យើង»។ នេះជាការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់សម្តេចក្នុងសប្តាហ៍នេះ ជាមួយការបន្ថែមថា រូបលោកយកចិត្តទុកដាក់បំផុតចំពោះ «សន្តិសុខជាតិ»។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «វាជាកម្មវិធីដំបូងគេមិនធ្លាប់មានរបស់កម្ពុជា និងដែលត្រូវបានដាក់ឱ្យប្រើក្នុងដែនសន្តិសុខរបស់កម្ពុជា។ «ប្រទេសដទៃទៀតមានមធ្យោបាយទំនាក់ទំនងសង្គមផ្ទាល់ខ្លួនដូចជា WeChat របស់ប្រទេសចិន Zalo របស់វៀតណាម Kakao Talk របស់កូរ៉េខាងត្បូង និង Telegram របស់រុស្ស៊ី ... ដូច្នេះនៅកម្ពុជា! យើងក៏មានផលិតផលផ្ទាល់ខ្លួនរបស់យើងផងដែរគឺ CoolApp»

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញទំនាក់ទំនងសង្គមឆាត CoolApp បានថ្លែងប្រាប់ CNN ឲ្យដឹងថា កម្មវិធី CoolApp ត្រូវបានទាញយក (downloaded) ចំនួន១៥០,០០០ដង ហើយ CoolApp មិនតាមដាន មិនប្រមូល ឬរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នោះឡើយ។ លោកអះអាងថា CoolApp ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត។

លោក លឹម ជាវុត្ថា បានសង្កាត់ច្បាស់ៗថា «មានតែអ្នក និងមនុស្សដែលអ្នកកំពុងទាក់ទងជាមួយតែប៉ុណ្ណោះ ដែលអាចអានសារ ឬស្តាប់សម្លេងបាន ពោលគឺគ្មានអ្នកដទៃឬជនទី៣ អាចអានឬស្តាប់កិច្ចសន្ទនានោះឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏មិនអាចដែរ»

CoolApp នឹងឈានដល់ការទាញយករហូតដល់ ចំនួន ៥០០ ០០០ ឬ ១ ០០០ ០០០ដង នៅពេលខាងមុខ ខណៈក្រុមហ៊ុន WhatsApp របស់ក្រុមហ៊ុន Meta ដែលជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតរបស់ពិភពលោក ត្រូវបានគេប៉ាន់ស្មានថា មានអ្នកប្រើប្រាស់រាប់លាននាក់ នៅក្នុងប្រទេសកម្ពុជា៕