(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រារព្ធពិធីប្រកាសទទួលស្គាល់ និងកែសម្រួលសមាសភាពគណៈកិត្តិយសសាខា និងកែសម្រួលតួនាទីភារកិច្ចគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ អាណត្តិទី ៥។

ពិធីប្រកាសខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំបន្ថែមសមាជិកកិត្តិយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងបានទទួលការឯកភាពនិងចុះហត្ថលេខាពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ពិធីប្រកាសទទួលស្គាល់នេះ បានប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទប្រហមកម្ពុជា និងចូលរួមពីគណៈកិត្តិយស គណៈកម្មាធិការ ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូប។

ក្នុងឱកាសនោះ លោក ហៀម ឃួន អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ដពោធិ៍សាត់ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ជំនួសឲ្យគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន «ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ឆ្លើយតបបានទាន់ពេលវេលារាល់ សំណូមពររបស់សាខាក៏ដូចជាសេចក្តីត្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត»
លោក ហៀម ឃួន បានថ្លែងបន្ដថា អស់រយៈកាលច្រើនឆ្នាំកន្លងមកនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានបំពេញការងារមនុស្សធម៌ជាច្រើន ក្នុងនាមជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម យកចិត្តទុកដាក់ជាប្រចាំក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះជនរងគ្រោះដោយគ្រោះមហន្តរាយ និងដោយឧបទ្ទវហេតុផ្សេងៗ។

ជាមួយគ្នានេះដែរ លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចប្រធានបានផ្ដល់ទំនុកចិត្តឱ្យរូបលោក ទទួលភារកិច្ចជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដែលជាភារកិច្ចដ៏មានសារៈសំខាន់នេះ។

ដើម្បីជាសក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, លោក ខូយ រីដា ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ប្រការ នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេសក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខាក្រុមប្រតិបត្តិសាខា និងឯកភាពរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមទាំងអស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងនោះនឹងដឹកនាំសម្របសម្រួល តម្រង់ទិសក្រុមប្រតិបត្តិសាខាឱ្យអនុវត្តឱ្យបានល្អប្រសើរនូវតួនាទី ភារកិច្ច ធានាសម្រេចបានជោគជ័យនូវយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១-២០៣០ ដែលមានវិស័យអាទិភាពចំនួន៤, ការបង្កើនគំនិតក្នុងការកៀរគរ ច្នៃប្រឌិតក្នុងការស្វែងរកមូលនិធិគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការងារមនុស្សធម៌ និងយកចិត្តទុកដាក់ណែនាំដល់គ្រប់អនុសាខាក្រុង ស្រុកឱ្យបំពេញតួនាទី ភារកិច្ចមនុស្សធម៌ឱ្យបានកាន់តែល្អថែមទៀត, យកចិត្តទុកដាក់បន្តការងារពង្រឹង ពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន ឱ្យចូលរួមកាន់តែសកម្ម ក្នុងសកម្មភាពអប់រំសុខភាពសហគមន៍, យកចិត្តទុកដាក់ពង្រឹង ពង្រីកសកម្មភាពយុវជនកាកបាទក្រហមកម្ពុជានៅតាមវិទ្យាល័យនានាក្នុងខេត្ត ឱ្យធ្វើជាគំរូលើការងារមនុស្សធម៌ ក្នុងសង្គមបន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព ស្ថាប័ន អង្គការជាតិ អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ប្រមូលកម្លាំងសាមគ្គី ដើម្បីរួមចំណែកកាត់បន្ថយនូវរាល់ការលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះនៅគ្រប់តំបន់ក្នុងទូទាំងខេត្ត។

ថ្លែងក្នុងពិធីនេះលោកស្រី ពុំ ចន្ទីនី បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានកោតសរសើរចំពោះលោក កែវ រតនៈ ប្រធានកិត្តិយ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលបានជួយឧបត្ថម្ភគាំទ្រ ជំរុញការអភិវឌ្ឍន៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជាដរាបមក។ ជាពិសេសក្រោមការដឹកនាំរបស់លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខា ដែលបានតម្រង់ទិសសាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ បំពេញការងារស្របតាមយុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា និងមានសកម្មភាពជាប់ក្នុងការជួយជនរងគ្រោះនិងងាយរងគ្រោះ ហើយសាខាកាកបាទក្រហមកម្ពុជា ខត្តពោធិ៍សាត់ គឺជាសាខាដែលមានលក្ខណៈវិនិច្ឆ័យមានដំណើរការល្អ។

ក្នុងឱកាសនោះដែរលោក ពុំ ចន្ទីនី បានប្រគល់ថវិកាទីស្នាក់កណ្តាលកាកបាទក្រហមកម្ពុជា ចំនួន ៥លានរៀល សម្រាប់ចូលរួមការប្រារព្ធទិវា៨ ឧសភា ឆ្នាំ២០២៤ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់ផងដែរ៕