(ពោធិ៍សាត់)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកយុទ្ធនាការស្ដីពី «រួមគ្នាពង្រឹង និងពង្រីកបរិស្ថានបៃតង» នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពី ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។

ពិធីនេះការមានការចូលរួមពីប្រធានអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន (PAfID), ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់, នាយសាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ប្រធានមណ្ឌលសុខភាព សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនទៀត។

មានមតិសំណេះសំណាលក្នុងឱកាសបើកយុទ្ធនាការ លោកស្រី ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ប្រធានមន្ទីរកសិកម្ម លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ផ្នែកពាក់ព័ន្ធ ព្រមទាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានគូសរម្លឹកថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែឧបត្ថម្ភគាំទ្រដោយឥតសំចៃទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា នាំឱ្យវិស័យមនុស្សធម៌កាកបាទក្រហមកម្ពុជាទទួលបានកិត្តិនាមល្បីឈ្មោះទាំងផ្ទៃក្នុងប្រទេស និងលើឆាកអន្តរជាតិ ហើយជាមាតាមនុស្សធម៌ ដូចមានភស្តុតាងក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹងនេះស្រាប់ គ្រប់ផ្ទះបានសាងសងឡើងដូចៗគ្នាទាំង ៦១៨ខ្នងផ្ទះ ជាថវិកាសប្បុរសជន បានឧបត្ថម្ភតាមរយៈកាកបាទក្រហមកម្ពុជា ក្រោមកិច្ចសហការពីរាជរដ្ឋាភិបាល បានផ្តល់ដីសប្បទានសម្រាប់លំនៅស្ថាន ដំណាំផ្សេងៗ មានហេដ្ឋារចនាសម្ព័ន្ធសមរម្យ ដូចជាមានសាលារៀន មន្ទីរពេទ្យ វត្តអារាមជាទីសម្រាប់ធ្វើបុណ្យទាន ដើម្បីបម្រើជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង។ ក្នុងនោះរដ្ឋបាលខេត្តពោធិ៍សាត់ បានជួយសម្រួលឱ្យមានប្រព័ន្ធអគ្គីសនី និងប្រព័ន្ធទឹកស្អាតបន្ថែមក្រៅពីអណ្តូងស្នប់ដែលបានបំពាក់រួច។

លោកស្រី ពុំ ចន្ទីនី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់សមាជិក សមាជិកា ប្រធានមន្ទីរកសិកម្ម លោកគ្រូអ្នកគ្រូ ផ្នែកពាក់ព័ន្ធ ព្រមទាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញចូលរួមដ៏មានអត្ថន័យ ដើម្បីបង្ហាញអំពីក្តីស្រឡាញ់ ឆន្ទះ និងស្មារតីរួមគ្នាថែរក្សាបរិស្ថានព្រៃឈើឱ្យបានគង់វង្ស និងដើម្បីសុខុមាលភាពរបស់មនុស្សជាតិយើង «រួមគ្នាពង្រឹង និងពង្រីកបរិស្ថានបៃតង» មានអត្ថន័យស្របនឹងថ្នាក់ជាតិឆ្នាំនេះ «ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចិរភាព» តាមរយៈដាំដើមឈើនាឱកាសព្រឹកនេះ។

ទន្ទឹមនេះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ មន្ទីរកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ និងភាគីពាក់ព័ន្ធដែលបានប្រមូលចាត់អ្នកបច្ចេកទេស ជ្រើសរើសទីតាំងសមស្រមទៅតាមសណ្ឋានដី និងបានសហការយ៉ាងជិតស្និទ្ធជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ជាពិសេសសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍបរិយាបន្ន បានឧបត្ថម្ភគាំទ្រកម្មវិធីសុវត្ថិភាពចរាចរណ៍ រួមបញ្ជូលពិការភាព និងបរិយាបន្ន កន្លងមកក៏ដូចជានៅបន្តរួមគ្នាបានជំរុញលើកទឹកចិត្តដល់អ្នកមានពិការភាព បានចូលរួមចំណែកយុទ្ធនាការដាំដើមឈើ។

លោកស្រីបានថ្លែងបន្ដថា «ថ្ងៃនេះ គឺយើងដាំដើមឈើ ២០០ដើម នៅក្នុងបរិវេណសាលាបឋមសិក្សា ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង, ១០០ដើម សម្រាប់ដាំក្នុងមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង, ១០០ដើម ចែកជូនប្រជាពលរដ្ឋ ក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ៥០ដើម ដាំក្នុងវត្ត ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង»។

កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងសកម្មភាពមនុស្សធម៌ ដែលមានបណ្តាញយុវជន អ្នកស្ម័គ្រចិត្ត រហូតដល់ថ្នាក់មូលដ្ឋាន គឺពិតជាកម្លាំងចូលរួមមិនអាចខ្វះបានឡើយ ក្នុងការថែរក្សា ការពារបរិស្ថាន ធនធានព្រៃឈើ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលជាធនធាន និងជាមរតកដ៏មានតម្លៃសម្រាប់ភាពសុខដុមរមនា របស់សត្តនិករទាំងឡាយនៅលើភពផែនដី ដែលបង្ហាញពីការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានបៃតង និងសុខមាលភាព មនុស្សជាតិ។

ក្នុងឱកាសនោះលោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអំពាវនាវលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនមានពិការភាពចូលរួម ដាំដើមឈើក្នុងសហគមន៍ដែលយើងរស់នៅ និងជំរុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់ និងផលប្រយោជន៍ព្រៃឈើសម្រាប់ជីវិតរស់នៅ។

លោកស្រីបន្ដថា «យើងត្រូវរួមគ្នាការពារបរិស្ថានយើងឱ្យបានល្អ រួមគ្នាផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋធ្វើការផ្លាស់ប្តូរឥរិយាបថអវិជ្ជមានចោល ចាប់យកឥរិយាបថល្អៗក្នុងការរបស់នៅប្រចាំថ្ងៃ និងដើម្បីឱ្យបរិស្ថានស្អាតសម្រាប់យើងទាំងអស់គ្នាសូមយកចិត្តទុកដាក់ ដាំដើមឈើនៅថ្ងៃនេះ ដើម្បីផ្តល់ខ្យល់បរិសុទ្ធដល់យើងនៅថ្ងៃស្អែក, បង្កើនបរិស្ថានបៃតង តាមរយៈការដាំសួនបន្លែរ ផ្លែឈើ តាមផ្ទះ, ស្រលាញ់បរិស្ថាន ត្រូវនិយាយថា «ទេ» ចំពោះប្លាស្ទិក, បរិស្ថានស្អាតត្រូវចេះបែងចែកសំណល់ផ្ទះបាយសម្រាប់ធ្វើជី សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់, សកម្មភាពសម្អាតអនាម័យផ្ទះសំបែងជាប្រចាំ ដើម្បីកូនៗ និងសមាជិកគ្រួសារមានសុខភាពល្អ ក្នុងប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹងយើង, សកម្មភាព និងឥរិយាបថល្អរបស់យើងរាល់ថ្ងៃ និងផ្តល់ឱ្យយើងវិញនូវសុខភាពល្អ, បានចូលរួមទប់ស្កាត់ការកើនឡើងនៃកម្តៅផែនដី និងការប្រែប្រួលអាកាសធាតុ»។

លោកស្រីបានឧទ្ទិសពិធីដាំដើមឈើថ្ងៃនេះ ឱ្យស្ថិតនៅក្នុងបេះដូងយើងទាំងអស់គ្នា ហើយក្លាយទៅជាកាតព្វកិច្ច ដែលមនុស្សជាតិគ្រប់ៗរូប ស្រឡាញ់ និងរួមគ្នាដាំដើមឈើ ដើម្បីទ្រទ្រង់ជីវិតមនុស្ស សត្វ និងការពារភពផែនដីឱ្យចាកផុតពីគ្រោះធម្មជាតិទាំងឡាយ។

ក្នុងពិធីបើកយុទ្ធនាការនេះ ថ្នាក់ដឹកនាំ ដៃគូពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ផ្នែកពាក់ព័ន្ធ ព្រមទាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា រួមទាំងប្រជាពលរដ្ឋ បានសម្ដែងការនូវការសប្បាយចិត្ដ និងគាំទ្រ និងប្ដេជ្ញាចិត្ដរួមគ្នាថែរក្សា ការពារព្រៃឈើ ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមួយ ពោរពេញទៅដោយបរិស្ថានបៃតងមានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ ជាពិសេសបញ្ឈប់ការកាប់ព្រៃឈើ៕