(ឧត្តរមានជ័យ)៖ លោក សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារជំនាញបច្ចេកទេសពីអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវាយតម្លៃលទ្ធផលនៃការចុះផ្សព្វផ្សាយ អន្ដរាគមន៍ទាំងវិធានធម្មជាតិ និងបាញ់ថ្នាំលើដង្កូវហ្វូងនៅតាមក្រុង ស្រុកមួយចំនួនក្នុងខេត្តឧត្តរមានជ័យ។

បើតាមលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានថ្លែងថា កន្លងមកនេះនៅទូទាំងខេត្តឧត្តរមានជ័យមានស្រុកចំនួន៣ គឺស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង បានទទួលការប៉ះពាល់ដោយដង្កូវហ្វូងលើផ្ទៃដីសរុបចំនួន៨១៤ហិកតា ក្នុងនោះស្រូវចំនួន១៥៤ហិកតា ដំឡូងមី ៦៥៨ហិកតា និងពោត ២ហិកតា។

លោកប្រធានមន្ទីរបានថ្លែងប្រាប់ទៀតថា ដោយមានការចុះផ្សព្វផ្សាយ អន្តរាគមន៍ទាន់ពេលវេលា និងមានប្រសិទ្ធភាពពីគ្រប់ភាគីពាក់ព័ន្ធ និងភ្លៀងធ្លាក់ជាប្រចាំប៉ុន្មានថ្ងៃជាប់ៗគ្នា វត្តមានដង្កូវហ្វូងនៅក្នុងស្រុកទាំង៣ នៃខេត្តឧត្តរមានជ័យ មានការថមថយ និងបាត់ស្ទើរទាំងស្រុង ហើយដំណាំរបស់ប្រជាកសិករទាំងដំណាំស្រូវ ដំឡូងមី និងពោត គឺបានវិលមករកស្ថានភាពធម្មតាវិញ និងមិនមានប៉ះពាល់ដល់ការលូតលាស់នោះទេ។

នៅក្នុងឱកាសនោះ លោក សៀក ឡេង បានថ្លែងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរនេះ ដែលស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង និងសហការយ៉ាងសកម្មរវាងមន្ត្រីបច្ចេកទេសពីអគ្គនាយកដ្ឋានកសិកម្ម មន្ទីរ យុវជនជាមន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ចុះជួយផ្សព្វផ្សាយ និងអន្តរាគមន៍ជួយដល់កសិករទាន់ពេលវេលា។

ទន្ទឹមនឹងនេះ លោកអនុរដ្ឋលេខាធិការ ក៏បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់តាមដានវត្តមានដង្កូវហ្វូងនេះ ហើយកសិករក៏ត្រូវសហការ និងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ មន្ទីរ ឬមកក្រសួងតាមរយៈលេខទូរសព្ទ ១២៨៩ ដោយឥតគិតថ្លៃបើមានបញ្ហាប្រឈមណាមួយត្រូវការការជួយអន្ដរាគមន៍៕