(ភ្នំពេញ)៖ ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ដែលជាធនធានសិល្បៈដ៏សំខាន់បំផុត និងជាមរតកមនុស្សរស់ បានទទួលអនិច្ចកម្មទៅហើយ នៅឯស្រុកកំណើត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ​។​

លោក គង់ សម័យ ត្រូវជាកូនប្រុសរបស់លោកតា គង់ណៃ បានប្រាប់ Fresh News Plus ថា លោកតា គង់ ណៃ បានទទួលមរណភាពហើយនៅគេហដ្ឋានរបស់លោកតា ដែលស្ថិតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត នៅវេលាម៉ោង ១២៖៤០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

លោកបន្តថា ពេលនេះសពរបស់លោកតា គង់ ណៃ បានតម្កល់ធ្វើបុណ្យតាមប្រពៃណីក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ហើយការទទួលមរណភាពរបស់លោកតា គឺដោយសារតែរោគាពាធ។

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាអកុសលស្ថិតក្នុងវ័យចន្លោះ ៤ឆ្នាំ កុមារា គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ និងបានចាប់ផ្តើមការសិក្សាអំពីចាប៉ីដងវែងនៅអាយុ ១៣ឆ្នាំ។

ដោយសារតែពិការភាព ជារឿយៗលោកតែងប្រឈមមុខនឹងការសើចចំអកពីសំណាក់មិត្តភក្តិ និងមនុស្សជុំវិញខ្លួន។ ក្នុងរយៈពេលពីរឆ្នាំនៃការសិក្សាចាប៉ី គឺគ្រាដែលលោកមាន វ័យ១៥ឆ្នាំគត់ លោកតា គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកសាងកេរ្តិ៍ឈ្មោះល្បីសុះសាយយ៉ាងឆាប់រហ័ស និងមិនយូរប៉ុន្មានលោកតាក៏បានទទួលឈ្មោះហៅក្រៅថា «សង្ហា» ណៃ។

ក្រោយមកទៀត លោកនៅតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់ដូចជា៖

នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។
ក្នុងឆ្នាំ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។

ក្នុងឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំងនឹងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។
នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។
ឆ្នាំ ២០០១ លោកតាទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។

ឆ្នាំ ២០០២ លោកតាទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាល និងឆ្នាំ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមរតកមនុស្សរស់ដែលមាននាមថា «កោសល្យវោហារ គង់ណៃ»។

នៅឆ្នាំ ២០១៧ លោកទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វូគុអុកាប្រទេសជប៉ុន សម្រាប់ផ្តល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែក អប់រំ សិល្បៈ និងវប្បធម៌។ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ គឺជាបុគ្គលទី៣របស់កម្ពុជា ដែលបានទទួលពានរង្វាន់នេះ បន្ទាប់ពី លោក ឆេង ផុន និង លោក អាំង ជូលាន។

គួរជម្រាបផងដែរថា ព្រឹទ្ធាចារ្យ គង់ ណៃ ជាសិល្បករប្រពៃណីបុរាណដ៏អស្ចារ្យម្នាក់ក្នុងចំណោមសិល្បៈករខ្មែរ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជា និងលើឆាកអន្តរជាតិ។ ជារឿងដ៏សោកស្តាយបំផុត ដែលកម្ពុជាបានបាត់បង់មរតកមនុស្សរស់ឆ្នើមដូចជារូបលោក៕

(ដកស្រង់ចេញពីហ្វេសប៊ុកព្រះបរមរាជវាំង)