(ភ្នំពេញ)៖ កម្ពុជា និងអ៊ុយក្រែន បានផ្លាស់ប្តូរទស្សនៈស្វែងរកវិធីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរទាំង ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ការផ្លាស់ប្ដូរទស្សនៈនេះ បានធ្វើឡើងនាឱកាសដែល លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក Andrii Sybiha អនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេសអ៊ុយក្រែន នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងព្រះរាជាណាចក្រកម្ពុជា និងអ៊ុយក្រែន ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្វែងរកវិធីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕