(ភ្នំពេញ)​៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយយ៉ាងក្រៃលែងជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង ដែលបានទទួលមរណភាព នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២៖៤០នាទី ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់លោកតា ស្ថិតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត់។

សម្តេចបានចាត់ទុកថា មរណភាពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ និងក្ដីសណ្ដោសប្រណី ជាពិសេសគឺការបាត់បង់នូវធនធានមនុស្សដ៏ល្អឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការ ក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយតម្លៃវប្បធម៌ខ្មែរ និងបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ពេលវេលា រក្សាការពារ ផ្ទេរនូវចំណេះដឹង និងបានបន្សល់ទុកនូវស្នាដៃជាច្រើនគួរឲ្យកោតសរសើរ និងចង់ចាំជានិច្ចសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយៗជារៀងរហូត។

ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕