(ទីក្រុង​អូក្លិន)៖ សមាជិក​ សមាជិកា​ និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​រស់នៅ​ក្នុង​ទី​ក្រុង​អូក្លិន​ ទីក្រុង​ហាមីលតុន​ និង​ទីក្រុង​ហ្សស៍ប៉េ នៃប្រទេសណូវ៉ែលហ្សេឡង់​ប្រមាណ​ជាង​ ​៤០០​នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៣​ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ (ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​១៩៥១​ -​ ២៨​ មិថុនា​ ឆ្នាំ​២០២៤)​។

ពិធីនេះធ្វើឡើងក្រោមអធីបតីភាពលោក ចាន់​ សីហា​ តំណាង​បណ្ឌិត​ កៅ​ ថាច​ សមាជិក​គណៈ​កម្មការ​កណ្ដាល ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការងារ​រៀប​ចំ​អង្គការ​ចាត់​តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​តំបន់​៥​ ប្រទេស​ណូវ៉ែលហ្សេឡង់​ រួម​ជាមួយលោក ប៉ិច​ សានី​,​ លោក​ លឹម​ វ៉ាន​ (ប្រធាន​គណៈកម្មាធិការ​សាខា​បក្ស​ទី​ក្រុង​អូក្លិន)​​ និង​លោក​ តឹក​ ឃាង​ (​ប្រធាន​គណៈកម្មាធិការ​សាខា​បក្ស​ទីក្រុង​ហាមីលតុន)។

ក្នុងឱកាសនោះក៏មានការពិសាអាហារសាមគ្គី ប្រកបដោយបរិយាកាសរីករាយផងដែរ។

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ គ្រប់ដំណាក់កាល គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាជាច្រើន ជាពិសេសបានផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រក្សាបានសន្តិភាព កសាងប្រទេសឡើងវិញ ពីបាតដៃទទេក្រោមគំនរផេះផង់នៃសង្គ្រាម រហូតមានការអភិវឌ្ឍន៍ជាតិរីកចម្រើនដូចបច្ចុប្បន្ន។

ការប្រារព្ធពិធីដ៏ឱឡារិកនេះ ឡើងក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នក ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានតស៊ូពុះពារ ធ្វើពលិកម្មយ៉ាងធំធេង ដើម្បីប្រទេសជាតិនៅ គ្រប់ដំណាក់កាល ដែលធ្វើឱ្យកម្ពុជាស្ថិតស្ថេរគង់វង្ស និងមានអ្វីៗនៅថ្ងៃនេះ។ យើងទាំងអស់ គ្នាចងចាំជានិច្ចនូវវីរភាពដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត បន្តថែរក្សា រាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សស្ថិតស្ថេរជារៀងរហូត៕