(ភ្នំពេញ)៖ តាមការអំពាវនាវរបស់បណ្ឌិត កៅ ថាច សមាជិក គណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជន កម្ពុជាប្រចាំតំបន់៥ ប្រទេសណូវ៉ែលហ្សេឡង់ ក្នុងកម្មវិធីជួបជុំអាហារសាមគ្គី នាឱកាសរំលឹក ខួប អនុស្សាវរីយ៍លើកទី ៧៣ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សមាជិកសមាជិកាគណបក្ស ប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសណូវ៉ែលហ្សេឡង់បាន រៃអង្គាសដោយទទួលបានថវិកា ៦០០០ដុល្លារញ៉ូហ្សឺឡែន (ប្រហែលជាង៣៦០០ដុល្លារអាមេរិក) ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ថវិកា នេះ នឹង ត្រូវ ប្រគល់ ជូន ទៅ មូនិធិ គន្ធបុប្ផា តាម រយៈ ក្រុម ការងារ រៀប ចំ អង្គការ ចាត់ តាំង យុវជន គណបក្ស ប្រជាជន កម្ពុជា ប្រចាំ តំបន់ ៥ នៃ ប្រទេស ណូវ៉ែលហ្សេឡង់។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនានេះ ជាយុទ្ធនាការកៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំមួយដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា និងមានគោលបំណង រួមគ្នាជាធ្លុងមួយ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានលើកឡើងថា «ការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់រូប»

សម្រាប់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅឆ្នាំ២០២៤នេះ មានលក្ខណៈកាន់តែពិសេស ដោយលោកជំទាវបណ្ឌិតប្រធានកិត្តិយស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពីធីបើកយុទ្ធនាការកាលពីថ្ងៃទី១ ខែមិថុនា ព្រមទាំងបានចូលរួមកម្មវិធី «វនយាត្រាអង្គរ» កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីជាការគាំទ្របន្ថែមដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនដែលមានបំណងចូលរួមនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមបណ្ដាញសង្គមរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬលេខគណនីធនាគារ ដូចមានក្នុងរូបខាងក្រោម៕