(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្រមបរិស្ថាន និងធនធានធម្មជាតិ បន្ទាប់ពីចំណាយពេលតាក់តែងចំនួន៨ឆ្នាំ។ ក្រមបរិស្ថាន និងធនធានធម្មជាតិ មាន ១២គន្ថី និង ៨៦៥មាត្រា។

ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានគាំទ្រគំនិតនិងផ្តួចផ្តើមឱ្យរៀបចំពីដំបូងដោយសម្តេច វិបុលបញ្ញា សុខ អាន។ ដំណើរការនៃរៀបចំតាក់តែងក្រមបរិស្ថាននិងធនធានធម្មជាតិ នេះគឺបានចំណាយពេលយ៉ាងយូរ តាំងពីឆ្នាំ២០១៥មក គិតមកទល់ពេលនេះមានរយៈពេលជិត៨ឆ្នាំ ដោយបានប្រជុំជាច្រើនលើកច្រើនសាជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រមបរិស្ថាន និងធនធានធម្មជាតិនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងវត្តមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើននាក់ទៀត នាទីស្ដីការក្រសួងបរិស្ថាន។

គួរឱ្យដឹងថា ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានសម័យប្រជុំលើកទី៩ នីតិកាលទី៦ បានធ្វើការពិភាក្សា និងអនុម័ត កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន១០០រូប។

ក្រមបរិស្ថាន និងធនធានធម្មជាតិនេះ គឺប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិ នៃច្បាប់ និងលិខិតបទដ្ឋានគិតយុត្តនានាជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធនធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្ម ឱ្យមានភាពជាក់ស្តែងនិយម សង្គតិភាព វិសាលភាពទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៉ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទបញ្ញត្តិគោលដែលបានកំណត់ពីដែនសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅសម្របសម្រួលដល់ការអនុវត្តមុខងារ និងតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងការរីកចម្រើននៃសង្គមកម្ពុជាថ្មី។

ក្រមបរិស្ថាននិងធនធានធម្មជាតិនេះបំពេញបន្ថែម និងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានាដូចជា ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្ម ធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក។ល។ ក្នុងគោលដៅបន្តជំរុញដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ និងការពង្រឹងនីតិរដ្ឋទៅកាន់ដំណាក់កាលថ្មីនៅលើមាគ៌ាចីរភាព។

ក្នុងន័យនេះ ក្រមបរិស្ថាន និងធនធានធម្មជាតិត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍សំខាន់៣ រួមមានទី១)៖ លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិត្រូវបានធ្វើសមាហរណកម្ម, ទី២៖ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិត្រូវបានធ្វើសុខដុមនីយកម្ម និងទី៣៖ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាត្រូវបានធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។

ហេតុនេះ ក្រមបរិស្ថាននិងធនធានធម្មជាតិ អាចដើរតួជាគោលការណ៍គ្រឹះ និងជាក្របខ័ណ្ឌរួមសម្រាប់ចូលរួមរកដំណោះស្រាយគ្រប់ជ្រុងជ្រោយនិងសម្របសម្រួល ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតុល្យភាពចំពោះបណ្តាបញ្ហាស្មុគស្មាញជាច្រើន ដែលបាននិងកំពុងបន្តកើតមានឡើងក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិដោយសារអន្តរកម្មជិតស្និទ្ធជាមួយវិស័យផ្សេងៗជាច្រើន ជាពិសេស សេចក្ដីព្រាងក្រមនេះនឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យនៃបទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន, ដោះស្រាយបញ្ហាដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការងារគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ និងលើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្សនិងអភិវឌ្ឍន៍នៅកម្ពុជា។

នេះគឺជាសក្ខីភាពសរបញ្ជាក់ឱ្យឃើញថា ក្រមបរិស្ថាន និងធនធានធម្មជាតិនេះ គឺជាសមិទ្ធផលរួមដែលកើតចេញពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយខ្ពស់របស់រាជរដ្ឋាភិបាល ដោយឈរលើស្មារតីសហការជិតស្និទ្ធប្រកបដោយមនសិការ ការលះបង់សាមគ្គីភាព និងឯកភាពជាតិ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការតម្កល់អាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល និងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ ធ្វើយ៉ាងណារៀបចំឱ្យមានក្របខ័ណ្ឌគតិយុត្តមួយ ដែលមានលក្ខណៈប្រមូលផ្ដុំគ្រប់ជ្រុងជ្រោយ បច្ចុប្បន្នភាព សង្គតិភាព និងស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ដែលពាក់ព័ន្ធ។

ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានពិនិត្យ ពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់យ៉ាងល្អិតល្អន់ និងស៊ីជម្រៅ ដោយឈរលើមូលដ្ឋានធាតុចូលសំខាន់ៗដែលទទួលបានតាមរយៈការពិគ្រោះយោបល់កម្រិតជំនាញបច្ចេកទេស និងកម្រិតនយោបាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍មូលដ្ឋាន។

ដោយយល់ឃើញពីភាពចាំបាច់និងអត្ថប្រយោជន៍នៃការផ្សព្វផ្សាយក្រមបរិស្ថាននិងធនធានធម្មជាតិរាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាតំណាង បានរៀបចំធ្វើការបោះពុម្ពក្រមនេះ ដើម្បីចែកជូនដល់មន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកវិជ្ជាជីវៈច្បាប់ តុលាការ មន្ត្រីអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតឱ្យបានទូលំទូលាយ។

រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ការបោះពុម្ពក្រមបរិស្ថាន និងធនធានធម្មជាតិនេះ គឺជាការចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងផ្នែកបរិស្ថាន និងធនធានធម្មជាតិរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា ដើម្បីចូលរួមគ្រប់គ្រង ការពារ អភិរក្ស និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមថែរក្សានូវភាពរុងរឿង និងឧត្តមភាពជាតិសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់៕