(ភ្នំពេញ)៖ តំណាងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ គឺលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមន្រីពាក់ព័ន្ធ បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគជាអង្ករសុខភាព (អំណោយលោកអភិបាលខណ្ឌ) មកឧបត្ថម្ភក្នុងការជួយសម្រួលដល់កត្តាជីវភាពរស់នៅមួយចំនួន សម្រាប់ប្រជាពលរដ្ឋជួបការខ្វះខាត ចាស់ជរា និងមានជម្ងឺ៣០គ្រួសារ។

សកម្មភាពសមធម៌ នៃការចែករំលែកនូវទុក្ខលំបាក របស់លោកអភិបាលខណ្ឌ តាមរយៈលោកស្រីអភិបាលរងខណ្ឌនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងដោយមានការចូលរួមពីលោកចៅសង្កាត់ មន្ត្រីខណ្ឌ-សង្កាត់-ភូមិ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រី សួស សូលីដា ឋិតក្នុងឱកាសនេះ និងមុនពេលឧបត្ថម្ភគ្រឿងឧបភោគ បរិភោគជាអង្ករ បានឆ្លៀតពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខចំពោះប្រជាពលរដ្ឋ ចាស់ជរា មានជម្ងឺ ដែលរងគ្រោះ និងងាយរងគ្រោះទាំង៣០គ្រួសារ ឲ្យយកចិត្តទុកដាក់លើការថែទាំសុខភាពឲ្យបានល្អប្រសើរ តាមរយៈការរស់នៅស្អាតដោយមានអនាម័យជាប់ជាប្រចាំ ដើម្បីចៀសផុតឆ្ងាយពីការឆ្លងជម្ងឺដង្កាត់ផ្សេងៗជាយថាហេតុ និងត្រូវមានក្ដីសង្ឃឹមជានិច្ច ក្នុងការខិតខំប្រឹងប្រែងបន្តទៀត នៃការប្រកបមុខរបររកស៊ីទទួលទានចិញ្ជឹមជីវិត ពីសំណាក់លោក ជិន ប៊ុនធឿន។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ ចាស់ជរា មានជម្ងឺដែលរងគ្រោះ និងងាយរងគ្រោះទាំង៣០គ្រួសារ និងបន្ទាប់ពីទទួលបានអំណោយតាមរយៈលោកស្រី សួស សូលីដា លោកចៅសង្កាត់ វ៉ាន់ ផន និងមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់-ភូមិ បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមជូនពរផងដែរ ដល់លោកអភិបាលខណ្ឌឬស្សីកែវ និងមន្ត្រីក្រោមឱវាទ សូមឲ្យមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសូមសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕