(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានទទួលសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេសជប៉ុន ដឹកនាំដោយលោក TSUGE Yoshifumi អនុរដ្ឋ​មន្ត្រី​ក្រសួងការបរទេសជប៉ុន និងលោក UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងសហការី។

ជំនួបនេះ ក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល​ ​ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍​ និងបទពិសោធផ្នែកសន្តិសុខឌីជីថលរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូ មកទស្សនកិច្ចនៅប្រៃសណីយ៍កម្ពុជា ដើម្បីស្វែងយល់អំពីការវិវត្តន៍របស់ប្រៃសណីយ៍កម្ពុជា បន្ទាប់បានកែទម្រង់ឈានទៅរកភាពកាន់តែប្រសើរឡើង ទាំងបរិយាកាសនៃការបំពេញការងាររបស់និយោជិត និងការផ្តល់សេវាប្រៃសណីយ៍រហ័ស ជូនអតិថិជនប្រកបដោយភាពជឿជាក់ ទុកចិត្ត និងសុវត្ថិភាពខ្ពស់៕