(កណ្តាល)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជារង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ ជំនាន់ទី៨ ឆ្នាំ២០២៤ នៅសាលាបំភ័ន្តអក្ខរៈ ស្ថិតនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានពាំនាំនូវការសួរសុខទុក្ខ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃទីចាត់ការ និងសាលាបំភ័ន្តអក្ខរៈ អគ្គបញ្ជាការដ្ឋាន ជាពិសេសសិក្ខាកាម វគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ ជំនាន់ទី៨ ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ សូមកោតសរសើរដ៏ស្មោះចំពោះថ្នាក់ដឹកនាំទីចាត់ការ និងសាលាបំភ័ន្តអក្ខរៈព្រមទាំងបណ្តាស្ថាប័នដែលមានការពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់ពង្រឹង ពង្រីកស្ថាប័នបំភ័ន្តអក្ខរៈ កន្លងមករហូតមកដល់ពេលនេះ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ លើការការពារសម្ងាត់ព័ត៌មានយោធា ដើម្បីបម្រើឱ្យរាល់សកម្មភាព និងការទំនាក់ទំនងទាំងឡាយក្នុងកងទ័ព ពិសេសសកម្មភាពនៃប្រតិបត្តិការរបស់បណ្តាកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ។ ការហ្វឹកហ្វឺនជំនាញឯកទេសបំភ័ន្តអក្ខរៈមិនមែនធ្វើសម្រាប់តែនៅសាលាបំភ័ន្តអក្ខរៈប៉ុណ្ណោះទេ ត្រូវធ្វើការហ្វឹកហ្វឺនបំប៉នបង្កើនសមត្ថភាពបច្ចេកទេសជំនាញបន្ថែមដល់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ដែលមានជំនាញបំភ័ន្តអក្ខរៈ នៅតាមបណ្តាកងឯកភាព ទូទាំងកងយោធពលខេមរភូមិន្ទ គោលដៅធានាការទាក់ទងឱ្យបានសម្ងាត់កងទ័ព។

ក្នុងឱកាសនេះផងដែរ ក្នុងនាមកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សូមគាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងសូមគាំទ្រគម្រោងអភិវឌ្ឍន៍ «ព្រែកជីហ្វូណនតេជោ»​ ដើម្បីនយោបាយឯករាជ្យការដឹកជញ្ជូនរបស់កម្ពុជា និងផលប្រយោជន៍ជាច្រើនទៀតរបស់កម្ពុជា ដែលនឹងចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ហើយគ្រប់កងឯកភាព នៃកងយោធពលខេមរភូមិន្ទ ត្រូវចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់ «ព្រែកជីហ្វូណនតេជោ» តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីបង្ហាញពីកម្លាំងមហា
សាមគ្គីជាតិដ៏ខ្លាំងក្លារបស់យើង។

ក្រៅពីនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានវាយតម្លៃខ្ពស់អំពីការងារហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ ដោយក្រសួងការពារជាតិ ​និងអគ្គបញ្ជាការបានចាត់ទុកថា ការហ្វឹកហ្វឺនបណ្តុះបណ្តាលនៅក្នុងប្រទេស គឺជាយុទ្ធសាស្ត្រក្នុងការកសាងធនធានមនុស្សយូរអង្វែង និងមានប្រសិទ្ធភាព៕