(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអះអាងថា កម្ពុជាគាំទ្រ «ការយល់ដឹងរួម៦ចំណុច ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន» របស់ចិន និងប្រេស៊ីល។

ការបញ្ជាក់អំពីគោលជំហរនេះ ជាការឆ្លើយតបទៅនឹងការសាកសួររបស់អ្នកសារព័ត៌មានអំពីជំហររបស់កម្ពុជាលើ «ការយល់ដឹងរួមប្រាំមួយចំណុចស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន» (Six-Point Common Understanding on Political Settlement of the Ukraine Crisis) ដែលបានលើកឡើងរួមគ្នាដោយសាធារណរដ្ឋប្រជាមានិតចិន និងប្រេស៊ីល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ «កម្ពុជាគាំទ្រ «ការយល់ដឹងរួមប្រាំមួយចំណុច ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន» របស់ចិន និងប្រេស៊ីល ដោយខ្លឹមសារនៃឯកសារនេះសមស្រប ឆ្លើយតបសភាពការណ៍ជាក់ស្តែង ដែលត្រូវសង្កត់ធ្ងន់លើអាទិភាពចំពោះមុខចំនួន៤គឺ (១) ទប់ស្កាត់កំណើនភាពតានតឹង និងបង្កបរិយាកាសអំណោយផលដល់ការសន្ទនា ដែលចាំបាច់ត្រូវមានការចូលរួមពីអ៊ុយក្រែន និងរុស្ស៉ី (២) បញ្ចៀសការធ្លាក់ដុនដាបកាន់តែខ្លាំងនូវវិបត្តិមនុស្សធម៌ (៣) បញ្ចៀសវិបត្តិនុយក្លេអ៊ែរ និង (៤) បង្កើនការខិតខំលើកកម្ពស់សន្តិសុខស្បៀង ថាមពល និងស្ថិរភាពខ្សែច្រវ៉ាក់ផ្គត់ផ្គង់»