(បរទេស)៖ បច្ចុប្បន្ននេះមានកម្មវិធី Chat ឬផ្ញើសារជាច្រើនត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់នៅជុំវិញពិភពលោក ដែលមានដូចជាកម្មវិធី WhatsApp, LINE, Viber, WeChat, Facebook messenger និង Telegram ជាដើម។

ក្នុងនោះ WhatsApp របស់អាមេរិក, Facebook messenger របស់អាមេរិក, LINE របស់ជប៉ុន, Viber របស់ជប៉ុន, WeChat របស់ចិន, Telegram របស់រុស្ស៊ី, KaKao Talk របស់កូរ៉េខាងត្បូង និង Zalo របស់វៀតណាម។ កម្មវិធីទាំងនេះសុទ្ធតែទទួលបានការគាំទ្រ និងប្រើប្រាស់ជាច្រើននៅតាមបណ្តាប្រទេសនានា នៅលើពិភពលោក ដោយឡែកយើងក្រឡេក មកមើលនៅតាមបណ្តាប្រទេសដែលជាសមាជិកអាស៊ានវិញម្ដង ថាតើប្រទេសនីមួយៗមានការពេញនិយមប្រើប្រាស់ កម្មវិធីណាជាងគេ ហើយប្រទេសណាខ្លះមានកម្មវិធី Chat ផ្ទាល់ខ្លួន?

១៖ ប្រទេសប្រ៊ុយណេ
យោងតាមរបាយការណ៍របស់គេហទំព័រ Statista បានបង្ហាញឲ្យដឹងថា នៅក្នុងប្រទេសប្រ៊ុយណេ កម្មវិធី Chat ដ៏ពេញនិយមជាងគេបំផុតនោះគឺមាន WhatsApp, Facebook messenger, Viber, LINE, WeChat។

២៖ ប្រទេសឥណ្ឌូនេស៊ី
ចំពោះប្រទេសមួយនេះវិញ កម្មវិធីផ្ញើសារដែលពេញនិយមបំផុតមានតែ ៦ប៉ុណ្ណោះគឺ WhatsApp ដែលមានអ្នកប្រើប្រាស់រហូតដល់ជាង ៨៨% នៃអ្នកប្រើប្រាស់សរុប ស្មើនឹង១៨១លាននាក់ បន្ទាប់មកគឺកម្មវិធី Telegram, Facebook messenger, LINE, Snapchat និង Skype។

៣៖ ប្រទេសឡាវ
ប្រទេសមួយនេះ ត្រូវបានគេដឹងថា បានប្រើប្រាស់កម្មវិធី WhatsApp ច្រើនជាងគេបំផុតក្នុងការទំនាក់ទំនង ពោលគឺស្ទើរតែពេញមួយប្រភេទ។ ចំណែកកម្មវិធីបន្ទាប់នោះគឺ Facebook messenger និង LINE។ ក្នុងនោះឡាវមានកម្មវិធីផ្ញើសារ G-Chat របស់ខ្លួនដែរ តែមិនទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ សម្រាប់តែមន្រ្តីរាជការប៉ុណ្ណោះ។

៤៖ ប្រទេសម៉ាឡេស៊ី
មិនខុសគ្នាពីប្រទេសឡាវឡើយ ប្រទេសម៉ាឡេស៊ីត្រូវបានគេរាយការណ៍មកថា បានប្រើប្រាស់កម្មវិធី WhatsApp នៅក្នុងការទំនាក់ទំនងការងារប្រចាំថ្ងៃរហូតដល់៩៦% នៃតួលេខសរុប។ Facebook messenger, WeChat, Telegram, LINE, Viber និង Skype គឺជាកម្មវិធីដែលប្រើបន្ទាប់ពី WhatsApp។

៥៖ ប្រទេសហ្វីលីពីន
ប្រទេសមួយនេះបានប្រកាសកម្មវិធី Facebook messenger សម្រាប់ធ្វើការទំនាក់ទំនងនៅក្នុងក្រុមគ្រួសារ ប៉ុន្តែកម្មវិធីដែលពេញនិយម និងមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតនោះគឺ WhatsApp។ ចំពោះកម្មវិធីបន្ទាប់នោះមានដូចជា Viber, LINE, Telegram និង Skype។

៦៖ ប្រទេសមីយ៉ាន់ម៉ា
សម្រាប់កម្មវិធីផ្ញើសារដែលពេញនិយមនៅក្នុងប្រទេសមួយនេះវិញគឺ Facebook messenger ដោយមានការប្រើប្រាស់ស្ទើរពេញប្រទេស និងគ្រប់វិស័យ ហើយកម្មវិធីបន្ទាប់នោះគឺ WhatsApp, Viber, Telegram។

៧៖ ប្រទេសសិង្ហបុរី
ជាប្រទេសមួយដែលប្រមូលផ្តុំទៅដោយអ្នកជំនាញ និងមហាសេដ្ឋីរស់នៅ ហើយកម្មវិធីផ្ញើសារដែលពេញនិយមបំផុតសម្រាប់ប្រទេសមួយនេះគឺ WhatsApp ដែលមានអ្នកប្រើប្រាស់រហូតដល់ជាង ៨៣% នៃអ្នកប្រើប្រាស់សរុប។ ចំណែក Telegram និង Facebook messenger មានតួលេខនៃអ្នកប្រើប្រាស់ប្រហាក់ប្រហែលគ្នា។

៨៖ ប្រទេសថៃ
មិនថាប្រើប្រាស់ក្នុងការទំនាក់ទំនងសម្រាប់អ្វីនោះទេ LINE គឺជាជម្រើសទីមួយ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសថៃ។ យោងតាមរបាយការណ៍ចុងក្រោយបានបង្ហាញឲ្យដឹងថា ស្ទើរពេញមួយប្រទេសថៃគឺបានប្រើប្រាស់កម្មវិធី LINE ក្នុងការទំនាក់ទំនង ដោយឡែកកម្មវិធីបន្ទាប់នោះគឺមាន WhatsApp, Facebook messenger, Viber និង WeChat។

៩៖ ប្រទេសវៀតណាម
កម្មវិធីផ្ញើសារដ៏ពេញនិយមសម្រាប់ប្រទេសវៀតណាមគឺ Zalo ដែលជាកម្មវិធីមួយបង្កើតឡើងដោយក្រុមហ៊ុនវៀតណាមដោយផ្ទាល់។ កម្មវិធី Zalo ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៨០% នៃចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនសរុបនៅក្នុងប្រទេស។ ដោយឡែកកម្មវិធីបន្ទាប់នោះគឺ Facebook messenger, Viber និង Telegram។

១០៖ ប្រទេសកម្ពុជា
យោងតាមរបាយការណ៍របស់គេហទំព័រ similarweb បានឲ្យដឹងថា កម្មវិធីផ្ញើសារដែលពេញនិយមជាងគេបំផុតនោះគឺ Telegram។ កម្មវិធីបន្ទាប់គឺ Facebook messenger, WhatsApp, LINE និង WeChat។ ដោយឡែកនៅពេលនេះ កម្ពុជាគឺមានកម្មវិធី Chat មួយដែលបង្កើតឡើងដោយកូនខ្មែរ គឺ CoolApp ដែលត្រូវបានប្រកាសផ្សព្វផ្សាយដោយបុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានទូលំទូលាយ។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp បានបង្ហោះសារនៅលើ Facebook page ផ្លូវការរបស់លោកថា «ឥឡូវនេះអ្នកប្រើប្រាស់ CoolApp កើនឡើងលើស ១៥ម៉ឺននាក់ហើយ នឹងបន្តកើនឡើងដល់២០ម៉ឺននាក់ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ! CoolApp បណ្តាញទំនាក់ទំនងសង្គម Chat របស់ប្រជាជនកម្ពុជា !»