(ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោល ចំពោះការផ្សព្វផ្សាយរបស់គណនី Facebook ឈ្មោះ «My Idea-គំនិតខ្ញុំ»​ ពាក់ព័ន្ធនឹងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី។

គណនី Facebook ឈ្មោះ «My Idea-គំនិតខ្ញុំ»​ ថ្មីនេះ បានផ្សព្វផ្សាយថា ចំណាយលុយសាងសង់អស់រាប់ពាន់លានដុល្លា​ ចុងក្រោយ​បែជាស្ងាត់ឈឹង ព្រលានយន្តហោះ​ខេត្ត​សៀមរាប​ និងបានលើកឡើងពីការចំណាយធ្វើដំណើរខ្ពស់ (៣០ដុល្លារ) និងប្រើពេលយូររហូតដល់១ម៉ោង ពីព្រលានយន្តហោះទៅក្រុងសៀមរាប ដែលធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាខ្ជោះខ្ជាយ។

លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ការស្ងប់ស្ងាត់នៃភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប មិនពាក់ព័ន្ធនឹងព្រលានយន្តហោះទេ ព្រលានយន្តហោះគ្រាន់តែហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការធ្វើដំណើរប៉ុណ្ណោះ ហើយព្រលានយន្តហោះថ្មីទៀតសោត កំពុងការងារយ៉ាងល្អ ក្នុងបម្រើដល់ភ្ញៀវទេសចរ។

លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ទៀតថា ចំពោះស្ថានភាពការស្ងប់ស្ងាត់នៃភ្ញៀវទេសចរ ដោយសារតែរដូវកាលនេះ ជារដូវកាលធ្លាក់ចុះនៃភ្ញៀវទេសចរ (Low Season) បូករួមនឹងស្ថានភាពសេដ្ឋកិច្ចសកល ដែលមិនប្រាកដប្រជាថែមទៀត នោះបានជះឥទ្ធិពលដល់ការថមថយនៃភ្ញៀវទេសចរមកកាន់ ខេត្តសៀមរាប។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា «យើងឃើញស្រាប់ហើយថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធនាការទស្សនាសៀមរាប និងកម្មវិធីផ្សេងៗទៀតជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនានៅសៀមរាប ប៉ុន្តែដោយសារតែស្ថានភាពសេដ្ឋកិច្ចសកល ទើបធ្វើឱ្យមានការស្ងប់ស្ងាត់ភ្ញៀវទេសចរ មិនមែនការថមថយននេះ បណ្តាលមកពីព្រលានយន្តហោះនោះទេ»

លោកបន្តថា ដោយសារមានវិបត្ដិផ្សេងៗកើតឡើងផ្ទួនគ្នាៗ នៅក្នុងពិភពលោកមិនដូចការរំពឹង តាមការព្យាករណ៍របស់សមាគមដឹកជញ្ជូនអន្ដរជាតិ កំណើនប្រទេសកម្ពុជានឹងងើបឡើងវិញ ស្មើឆ្នាំ២០១៩ នៅក្នុងឆ្នាំ២០២៧។

ដោយឡែកសម្រាប់ថ្លៃដឹកជញ្ជូនអ្នកដំណើរ នៅអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ លោក ស៉ីន ចាន់សិរីវុត្ថា បញ្ជាក់ថា អ្នកធ្វើដំណើរអាចប្រើសេវាដឹកជញ្ជូនណាមួយក៏បានតាមតម្រូវការ មានន័យថា អាចប្រើប្រាស់សេវាដឹកជញ្ជូន ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានសម្រេចផ្ទេរសិទ្ធិឱ្យក្រុមហ៊ុនឯកជន ជាអ្នកធ្វើប្រតិបត្ដិការក៏បាន ឬ ក៏ប្រើសេវាដឹកជញ្ជូនផ្សេងៗ ក្រៅពីក្រុមហ៊ុនដែលទទួលធ្វើប្រតិបត្តិការនេះក៏បាន។ អាកាសយានដ្ឋានសៀមរាប មានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីទីរួមខេត្ដសៀមរាប។

លោកថា ប្រសិនបើអ្នកដំណើរជ្រើសយកក្រុមហ៊ុនដែលទទួល ធ្វើប្រតិបត្តិការពីអាកាសយានដ្ឋាន គឺរថយន្តធុនតូចតម្លៃ ៣៥ ដុល្លារក្នុងមួយជើង, ឡានក្រុងតូចតម្លៃ ៤០ ដុល្លារក្នុងមួយជើង ឬម្នាក់៨ដុល្លារ បើពិនិត្យតម្លៃដឹកជញ្ជូន គឺតម្លៃរថយន្តក្រុង ៨ ដុល្លារក្នុងម្នាក់ សម្រាប់ចម្ងាយជិត៥០ គីឡូម៉ែត្រ ធៀបនឹងសេវាដឹកជញ្ជូនផ្សេងទៀត គិតជាគីឡូម៉ែត្រ គឺសេវាដឹកជញ្ជូនទាំងពីរនេះ មិនមានអ្វីខុសគ្នានោះទេ។

បន្ថែមពីនេះ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ បានសម្រេចមិនគិតកម្រៃថ្លៃចត សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី ក្រោមរយៈពេល ១៥នាទី និងរយៈពេល៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត​ និងបញ្ចុះតម្លៃបន្ថែម ក្នុងការប្រើប្រាស់ផ្លូវ សម្រាប់គ្រប់ប្រភេទយានយន្ត​មួយចំនួន សម្រាប់រយៈពេលពីរឆ្នាំ​ចាប់ពីឆ្នាំ២០២៤ និងឆ្នាំ២០២៥។

ជាមួយគ្នានេះ ក្រុមហ៊ុនវិនិយោគអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរ ក៏កំពុងសិក្សាក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ច លើដីដែលបម្រុងទុកលើផ្ទៃដីជិត១០០០ហិកតា នៅជិតព្រលានយន្តហោះសៀមរាបអង្គរ ដើម្បីគាំទ្រដល់សកម្មភាព ក្រុមហ៊ុនអាកាសយានដា្ឋនអន្តរជាតិសៀមរាប-អង្គរផងដែរ៕