(ភ្នំពេញ)៖ ស្ថានភាពនៅក្នុងប្រទេសម៉ាលី បានរុញច្រានឱ្យកងទ័ពមួកខៀវ ដែលកំពុងប្រតិបត្តិរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ត្រូវដកចេញពីប្រទេសនេះជាបន្តបន្ទាប់ ពោលគឺបន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានវាយប្រហារមិនថាមូលដ្ឋាន ឬកងទ័ពរបស់អង្គការសហប្រជាជាតិដែលឈរជើងនៅក្នុងប្រទេសនេះ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីអំឡុងជំនួបជាមួយកម្មករជាង ១ម៉ឺននាក់ នៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ បានសម្រេចបញ្ជាឱ្យដកទ័ពមួកខៀវកម្ពុជា និងកម្ទេចចោលសម្ភារៈទ័ពទាំងអស់ នៅម៉ាលីចេញ តាមការស្នើរបស់អង្គការសហប្រជាជាតិ។

ជាក់ស្តែងនាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញ កងម្លាំងមួកខៀវកម្ពុជាចំនួន ៣រូបដែលជាកម្លាំងចុងក្រោយ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព។

ពិធីទទួលកងកម្លាំងមួកខៀវកម្ពុជា បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ គង់ ភារុណ អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (VIP)។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ គង់ ភារុណ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់ប្រទេសកំណើតរបស់កម្លាំងទាំង ៣រូប និងពាំនាំពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រួមទាំងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ផងដែរ។

ឧត្តមសេនីយ៍ទោ គង់ ភារុណ បានលើកកឡើងថា កងកម្លាំងទាំង៣រូប ដែលបានចូលរួមក្នុងបេសកកម្មស្វែងរកសុខសន្តិភាព ជូនប្រទេសដែលកំពុងជួបវិបត្តិ គឺជាការលះបង់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសបាននាំមកនូវកេរ្តិ៍ឈ្មោះជូនរាជរដ្ឋាភិបាល និងប្រទេសជាតិផងដែរ។ កម្ពុជា ជាប្រទេសធ្លាប់ទទួលអាជ្ញាធរជាតិបណ្តោះអាសន្ន ហៅកាត់ UNTAC បានកែប្រែខ្លួនមកជាប្រទេសបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ យ៉ាងសកម្ម និងបានទទួលការកោតសរសើរជាច្រើនពីអន្តរជាតិ។

លោកបានគូសបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍របស់កងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ នៅសាធារណរដ្ឋម៉ាលីនេះ គឺចែកចេញជា៦លើករួមមាន៖

*លេីកទី១ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣មាន ចំនួន៥៣នាក់ ដោយកងវិស្វកម្មព្រលានយន្តហោះ មានចំនួន ៥១នាក់ នារី ០៥នាក់និង កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨ ចំនួន ០២នាក់
*លេីកទី២ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន ៩០នាក់ ដោយកងវិស្វកម្មព្រលានយន្តហោះ មានចំនួន ៦៧នាក់ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨ ចំនួន ២៣នាក់
*លេីកទី៣ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ១១៣នាក់ ក្នុងនោះកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨ មានចំនួន ១០៩នាក់ និងកងវិស្វកម្មព្រលានយន្តហោះ មានចំនួន ០៤នាក់
*លេីកទី៤ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ មានចំនួន ០៦នាក់ ជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨
*លេីកទី៥ ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ មានចំនួន ៣នាក់ ជាកងវិស្វកម្មព្រលានយន្តហោះ
និងលើកទី៦ ជាកម្លាំងចុងក្រោយនេះ មានចំនួន ០៣នាក់ ជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨

ឧត្តមសេនីយ៍ទោ គង់ ភារុណ បានបន្ថែមថា ខណៈពេលដែលកម្លាំងកម្ពុជាត្រឡប់មកវិញលោកក៏សង្ឃឹមថាកម្លាំងទាំងអស់នឹងបន្តស្វ័យសិក្សាដោយខ្លួនឯង បង្កើនចំណេះជំនាញពិសេសភាសាបរទេស ដើម្បីប្រសិទ្ធភាពនៃការចូលរួមបេសកកម្មបន្តទៀតនាពេលអនាគត។ លោកបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះកងកម្លាំងទាំង ៣រូប ដែលបានបំពេញបេសកកម្មដោយជោគជ័យ និងបានជូនពរជួបប្រទះតែសំណាងល្អ សុខភាពល្អ ជួបជុំគ្រួសារប្រកបដោយសុភមង្គល។