(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរគណបក្សខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមលោក ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារគណបក្សពីថ្នាក់ជាតិ ខេត្ត និងក្រុង-ស្រុកទាំង៩ សរុបជាង ៨០០នាក់។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកជួបក្រុមប្រឹក្សាក្រុមការងារគ្រប់ថ្នាក់ សមាជិក សមាជិកាទាំងអស់នាឱកាសនេះ។ លោកបានផ្តាំផ្ញើនូវការនឹករលឹក សួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង៥ ជូនចំពោះក្រុមការងារ សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន លោកបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវ របស់ក្រុមការងារគ្រប់ថ្នាក់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោតទាំងអស់ ដែលបានបន្តចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​ នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ទទួលបាននូវជោគជ័យយ៉ាងត្រចះត្រចង់លើសសន្ទស្សន៍ផែនការដែលបានដាក់ចេញ ផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងអាណត្តិនេះជាបន្តទៀត។

ជាមួយគ្នានេះដែរ លោក កែ គឹមយ៉ាន បានណែនាំឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្រ្តបញ្ចកោណនូដំណាក់កាលទី១ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ការងារសន្តិសុខ សណ្តាប់ធ្នាប់ ចូលរួមកាត់បន្ថយឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន ក្មេងទំនឹង លើកកម្ពស់ការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព ដោះស្រាយរាល់សំណូមពរប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍មូលដ្ឋាន និងផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលដល់ប្រជាពលរដ្ឋ។

ជាមួយនឹងភាពរីករាយ ផ្លែផ្កានៃកិច្ចប្រជុំ លោក កែ គឹមយ៉ាន បានឧបត្ថម្ភសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ចំនួន ៨៣៦នាក់ ម្នាក់ៗ៥ម៉ឺន សរុប ៤១,៨០០,០០០រៀល ផងដែរ៕