(កំពង់ធំ)៖ អាជ្ញាធរស្រុកតាំងគោក ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានអបអរសាទរចំពោះអគារមត្តេយសិក្សា១ខ្នង និងបន្ទប់ទឹក២បន្ទប់ ដែលជាអំណោយរបស់លោក សៃ ម៉ិន នាយកសាលា ISF នៅតំបន់រដ្ឋបាលពិសេសហុងកុង និងសហការី។

ពិធីសម្ពោធអគារសាលារៀនថ្មីនេះត្រូវបានរៀបចំឡើងនៅសាលាបឋមសិក្សាគុហ៍ព្រះធាតុ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក សៃ ម៉ិន នាយកសាលា ISFព្រមទាំងវត្តមានរបស់ថ្នាក់ដឹកនាំស្រុក កងកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ទៀត។

លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានលើកឡើងថា អគារមត្តេយសិក្សា១ខ្នង និងបន្ទប់ទឹក២បន្ទប់នេះ គឺជាសមិទ្ធផលថ្មីរបស់ដៃគូអភិវឌ្ឍចាស់លើទឹកដីឃុំស្រឡៅ ដែលមានលោក សៃ ម៉ិន ជាតួអង្គដ៏សំខាន់។

លោកអភិបាលស្រុកបានបន្តថា តាមរយៈទឹកចិត្តនិងសកម្មភាពសប្បុរសធម៌នេះដែរ អាជ្ញាធរស្រុកតាំងគោក ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅឃុំស្រឡៅ ស្រុកតាំងគោក ពិតជាមានការអបអរសាទរយ៉ាងក្រៃលែងចំពោះលោក សៃ ម៉ិន និងសហការី មកពីតំបន់រដ្ឋបាលពិសេសហុងកុង។

លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានលើកឡើងពីកត្តាសន្តិភាព ស្ថិរភាពសង្គម ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក៏ដូចជាការបន្តខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏ជួយជំរុញវិស័យអប់រំនៅតាមមូលដ្ឋានផងដែរ តួយ៉ាងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍ និងសប្បុរសជននៅក្រៅប្រទេស រហូតដល់ឈានដល់ការសម្រេចបាននូវសមិទ្ធផលដ៏មានសារសំខាន់នាពេលនេះ ក៏ដោយសារផលដែលកើតចេញកត្តាសន្តិភាពនេះដែរ។

លោក ហាក់ ម៉ុងហួត បានរំឭកឱ្យដឹងថា រយៈពេលជាង១០ឆ្នាំហើយដែលលោក សៃ ម៉ិន និងសហការី បានធ្វើការងារសប្បុរសធម៌ សង្គមធម៌ជាច្រើននៅមូលដ្ឋានស្រុកតាំងគោក ក្នុងនោះបានជួយឧបត្ថម្ភការជីកអណ្ដូងទឹកជូនប្រជាពលរដ្ឋ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋក្រីក្រ ជួយជួសជុលបន្ទប់សិក្សា ក៏ដូចជាផ្ដល់សម្ភារសិក្សា សម្ភារកម្សាន្តសម្រាប់កុមារយ៉ាងច្រើន។

លោក ហាក់ ម៉ុងហួត រួមទាំងប្រជាពលរដ្ឋនៅស្រុកតាំងគោកបានសម្ដែងនូវការអរគុណចំពោះលោក សៃ ម៉ិន នាយកសាលា ISF និងសហការី ដែលបានបន្តជួយគាំទ្រឧបត្ថម្ភ និងរួមចំណែកអភិវឌ្ឍនៅមូលដ្ឋានជារឿយៗកន្លងមកនេះ។ ទន្ទឹមនឹងការថ្លែងអំណរគុណនោះ លោកអភិបាលស្រុកក៏បានបង្ហាញក្ដីសង្ឃឹមថា លោក សៃ ម៉ិន និងសហការី នឹងបន្តចូលរួមក្នុងកិច្ចអភិវឌ្ឍនៅមូលដ្ឋានស្រុកតាំងគោកបន្ថែមទៀត៕