(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា សូមបន្តរួមគ្នាយកចិត្តទុកដាក់ក្នុងការពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារនៅកម្ពុជា ទាំងផ្នែកសេវាសាធារណៈ ជាពិសេសសេវាឯកជន។

ការអំពាវនាវនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាលើកទី២៣ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ «រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី» នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានសមាគម សមាជិក-សមាជិកាសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ព្រមទាំងវត្តមានវាគ្មិនជាតិនិងអន្តរជាតិផងដែរ។

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីបានបញ្ជាក់ថា សិក្ខាសាលាលើកទី២៣ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា នាពេលនេះ សង្ឃឹមថានឹងផ្តល់ឱកាស និងចែករំលែកចំណេះដឹងជាច្រើនដល់សមាជិក-សមាជិកាសមាគម ក៏ដូចជាអ្នកចូលរួមទទួលបានចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗនៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផ្ទាល់។

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានគូសបញ្ជាក់ថា កាលពីថ្ងៃទី៥ តុលា ២០២៣ កន្លងទៅ ក្រសួងសុខាភិបាលក៏បានប្រកាសដាក់ចូលការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ធកម្ពុជាផង និងរួមចំណែកក្នុងគោលដៅលុបបំបាត់ជំងឺមហារីកមាត់ស្បូននាឆ្នាំ២០៣០ របស់អង្គការសុខភាពពិភពលោក (WHO) ផងដែរ។

ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យបានអនុសាសន៍គន្លឹះជាអាទិភាពមួយចំនួនជូនដល់អង្គសិក្ខាសាលា ដោយត្រូវយកចិត្តទុកដាក់ទៅលើ៖ ១-ការកសាងសមត្ថភាពបន្ថែមតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម និងបង្កើនគ្រូបង្គោលបន្ថែម ២-និយាមក្រមសីលធម៌វិជ្ជាជីវៈ ៣-ធនធានមនុស្ស ហេដ្ឋារចនាសម្ពន្ធ និងសម្ភារៈ ៤-ការចូលរួមពីសហគមន៍ និងប្រព័ន្ធទំនាក់ទំនងឱ្យបានជិតស្និទ្ធ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីថែមទាំងបានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាសមាគមសម្ភពនិងរោគស្រ្តីវិទ្យាកម្ពុជា សូមបន្តរួមគ្នាយកចិត្តទុកដាក់ក្នុងការពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារនៅកម្ពុជា ទាំងផ្នែកសេវាសាធារណៈ ជាពិសេសសេវាឯកជន។

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណ និងកោតសរសើរដល់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ដែលបានរៀបចំសនិ្នបាតនេះឡើង និងថ្លែងអរគុណចំពោះវាគ្មិនទាំងជាតិនិងអន្តរជាតិសម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ និងអរគុណចំពោះការឧបត្ថម្ភគាំទ្រចំពោះសន្និបាតនេះ។

គួរជម្រាបថា សិក្ខាសាលាលើកទី២៣ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា មានរយៈពេល១ថ្ងៃពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពមន្ត្រីសុខាភិបាលដែលជាសមាជិក សមាជិកាមកពីរាជធានីខេត្តទាំង២៥ សរុបអ្នកចូលរួមចំនួន២៥០នាក់។

លោកសាស្ត្រាចារ្យបានបង្ហាញក្ដីរំពឹងថា សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា នឹងរៀបចំឱ្យមានសិក្ខាសាលានេះយ៉ាងទៀងទាត់ ដែលបញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ មានជំហរស្មារតីទទួលខុសត្រូវ និងដើម្បីចូលរួមបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈបន្ថែមទៀត៕