(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ អញ្ជើញបើកការដ្ឋានគម្រោងសាងសង់ និងជួសជុលលូរំដោះទឹកជំនន់សរុបប្រវែង៦៣៨ម៉ែត្រ ដើម្បីសម្រួលដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងការរំដោះទឹកជំនន់ ទឹកភ្លៀងដែលតែងបង្កការលំបាករបស់ប្រជាពលរដ្ឋនៅពេលមានជំនន់ទឹកភ្លៀងនៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានរាយការណ៍ឱ្យដឹងថា ការកសាង និងជួសជុលប្រព័ន្ធលូរំដោះទឹកជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០២៤ ដែលអាចជួយដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិសន្សំកុសល១ សន្សំកុសល៤ សន្សំកុសល៥ ដើម្បីប្រើប្រាស់។

ជាងនេះថែមទៀត នៅឆ្នាំ២០២៤ រដ្ឋបាលសង្កាត់បឹងទំពន់ទី១ កំពុងបន្តអនុវត្តគម្រោងដាក់ប្រព័ន្ធលូនិងស្ថាបនាផ្លូវបេតុងជាច្រើនខ្សែទៀតដើម្បីបំពេញតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសំណេះសំណាល និងពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលតែងតែមានការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសបន្តកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ការកសាងអភិវឌ្ឍមូលដ្ឋាន របស់បងប្អូនឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ទៀតថា រាល់សមិទ្ធផលដែលរីកលូតលាស់ពេញផ្ទៃប្រទេសកម្ពុជាទាំងមូលគឺផ្តើមចេញពីប្រទេសជាតិមានសុខសន្តិសភាព ស្ថិរភាព ប្រជាពលរដ្ឋមាន ឱកាសប្រកបមុខរបរសព្វបែបយ៉ាង ដើម្បីអភិវឌ្ឍគ្រួសារកាន់តែរីកចម្រើនទៅមុខ។

លោកស្នងការ ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋបន្តនាំគ្នាការពារសន្តិភាព ការពាររាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រទេសជាតិយើងទាំងមូលបន្តកសាងអភិវឌ្ឍប្រទេសរីកចម្រើនគ្រប់វិស័យថែមទៀត។ ជាពិសេសទៀតនោះ ប្រទេសកម្ពុជាយើងមានមោទកភាពជាប្រវត្តិសាស្រ្តដែលរាជរដ្ឋភិបាលកម្ពុជា អណត្តិទី៧ បានកសាងព្រែកជីកហ្វូណនតេជោ ដើម្បីបម្រើលើវិស័យសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ហើយយើងទាំងអស់គ្នាក៏បានប្តេជ្ញាគាំទ្រ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោយ៉ាងពេញទំហឹងផងដែរ។

បន្ទាប់មក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន ១៥គ្រួសារផងដែរ៕