(ក្រចេះ)៖ លោក ស្រី សុទ្ឋា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្រូវដំណាំរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដាភូមិឃុំ-ស្រុកមួយចំនួន នៅក្នុងខេត្តក្រចេះ ដែលរងផលប៉ះពាល់ ដោយសារសត្វដង្កូវហ្វូងស៊ីបំផ្លាញស្រូវដំណាំ។

ជាក់ស្តែង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោករដ្ឋលេខាធិការ បានបន្តដឹកនាំប្រតិភូក្រសួង ចុះត្រួតពិនិត្យស្រូវដំណាំរបស់ប្រជាពលរដ្ឋ នៅឃុំសង្កាត់ចំនួនពីរ គឺឃុំគោលាប់ ស្រុកចិត្របុរី និងសង្កាត់អូរឫស្សី ក្រុងក្រចេះ។

លោក ស្រី សុទ្ឋា ក៏បានបន្តចុះជួបជាប្រជាកសិករ នៅតាមបណ្ដាភូមិឃុំ-ស្រុកមួយចំនួនទៀត ដើម្បីអប់រំណែនាំពីវិធានការមួយចំនួន ក្នុងការកំចាត់ និងទប់ស្កាត់សត្វដង្កូវហ្វូង ដែលកំពុងតែមានវត្តមាន នាពេលបច្ចុប្បន្ននេះ។

* វិធានការទី១៖ គឺជំរុញឲ្យប្រជាកសិករ ដែលជាម្ចាស់ស្រែ និងដំណាំរួមផ្សំនោះ ត្រូវចុះពិនិត្យតាមដាន ឲ្យបានហ្មត់ចត់ប្រសិន បើរូបឃើញថា មានវត្តមានរបស់សត្វដង្កូវហ្វូង កំពុងតែស៊ីបំផ្លាញដំណាំនោះ ត្រូវតែរាយការណ៍ទៅអាជ្ញាធរដែនដីជាបន្ទាន់។
* វិធានការទី២៖ វិជ្ជាកសិករត្រូវតែសំអាតស្មៅ នៅតាមភ្លឺស្រែ ឬក្នុងស្រូវដំណាំជាដើម ដើម្បីកុំឲ្យវាពួនសម្ងំ។
* វិធានការទី៣៖ ប្រជាកសិករអាចប្រលែងសត្វទា ដើម្បីស៊ីសត្វដង្កូវ។
* វិធានការទី៤៖ ស្នើសុំឲ្យប្រជាពលរដ្ឋជីកចង្អូរប្រឡាយ ដោយដាក់កន្ទក់ និងផេះ ដើម្បីស្ទាក់សត្វដង្កូវហ្វូងកុំឲ្យវាធ្វើដំណើរ ទៅស៊ីបំផ្លាញដំណាំ។
*វិធានការទី៥៖ សូមឲ្យប្រជាពលរដ្ឋធ្វើជាអន្ទាក់ជូរអែម ដើម្បីចាប់សត្វមេអំបៅ និងបានផ្សព្វផ្សាយអំពីរបៀបប្រើប្រាស់ថ្នាំកសិកម្ម។

លោកអនុរដ្ឋលេខាធិការ បានណែនាំដល់ប្រជាកសិករ ឲ្យបន្តចុះតាមដាន មើលដំណាំស្រែស្រូវរបស់ខ្លួន ខ្លាចក្រែងមានសត្វមេអំបៅឬសត្វឌុកឌឿ ពួនសម្ងំនៅក្នុងដី ដូចនេះកសិករត្រូវតែបញ្ចូលទឹក ក្នុងស្រូវស្រែនោះភ្លាម ដើម្បីចូលរួមទប់ស្កាត់។

មន្ត្រីជំនាញ ក៏បានជំរុញផ្ដាំផ្ញើពីវិធីសាស្ត្រមួយចំនួន និងវិធានការការពារសុវត្ថិភាព ដើម្បីកាត់បន្ថយសារធាតុពុល ដល់ប្រជាកសិករនៅពេលចុះបាញ់ ថ្នាំគីមី ត្រូវតែប្រើម៉ាស់ឲ្យបានត្រឹមត្រូវ ពាក់ស្រោមដៃ និងស្បែកជើង កវែង ជាដើម ហើយពេលកំពុងបាញ់នោះទៀតសោត ធ្វើយ៉ាងណាកុំឲ្យបាញ់ស្រោចប៉ះមកលើខ្លួន។

ទន្ទឹមគ្នានេះ លោកបានប្រាប់អំពីរបៀបបាញ់ថ្នាំ ណែនាំឲ្យប្រជាកសិករគួរតែយកចិត្តទុកដាក់ និងជ្រើសរើសពេលវេលា កុំឲ្យបាញ់នៅពេលដែលមេឃក្តៅ ពេលព្រឹកគួរតែបាញ់ពីចន្លោះម៉ោង ៧ទៅម៉ោង១០ ហើយពេលរសៀលពីចន្លោះម៉ោង៣ ទៅម៉ោង៤ទើបមានប្រសិទ្ធភាពខ្ពស់។

ដោយឡែកលោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានឲ្យដឹងថា ខេត្តក្រចេះ សត្វដង្កូវហ្វូង បានស៊ីបំផ្លាញប៉ះពាល់ដំណាំប្រជាពលរដ្ឋចំនួន១,១៦០.៥ហិកតា នៅក្នុងឃុំសង្កាត់ ចំនួន ១៤ ក្នុងនោះប៉ះពាល់ស្រូវចំនួន ៣៨៧.៥ហិកតា ដំណាំពោត ២៨៧ហិកតា ដំឡូងមី២២០ហិកតា ស្វាយចន្ទី២២៨ ហិកតា និងកៅស៊ូ៣០៨ហិកតា ។

នាពេលបច្ចុប្បន្ននេះ ដំណាំរបស់ប្រជាពលរដ្ឋហាក់មានសភាពធូរស្រាលប្រមាណជា៧០ទៅ៨០%ហើយ ដោយ សារមន្ត្រីជំនាញបានផ្សព្វផ្សាយនិងចាត់ វិធានការកម្ចាត់បានទាន់ពេលវេលា ហើយស្របពេលប៉ុន្មានថ្ងៃនេះខេត្តក្រចេះគឺទទួលបានទឹក ភ្លៀងច្រើនដែលធ្វើឲ្យមាន ការកាត់បន្ថយសត្វល្អិតតែស៊ីបំផ្លាញដំណាំប្រជាពលរដ្ឋនោះផងដែរ៕