(ក្រចេះ)៖ លោក ជុំ កុសល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ តំណាងលោក ឆាន់ សាផាន់ ប្រធានក្រុមការងារបានអញ្ជើញ ប្រារព្ធពិធីអបអរសាទរប្រារព្ធខួបទី៧៣ឆ្នាំ ថ្ងៃកំណើតបក្ស(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅស្នាក់ការគណបក្សប្រជាជនស្រុកឆ្លូង កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

ពិធីនេះមានការចូលរួមពីលោក លោកស្រីប្រធានក្រុម ការងារចុះមូលដ្ឋានឃុំទាំង៨ ក្នុងស្រុកឆ្លូង និងសមាជិក សមាជិកាគណបក្សប្រមាណ៦០០នាក់។

បន្ទាប់ពីលោក ស្រី គង់ លឹមហូ បានអាននូវសន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួចមក លោក ជុំ កុសល បានថ្លែងថា នៅខ្លឹមសារសន្ទរក៧ទំព័រនេះខ្ញុំយល់ឃើញថា បងប្អូនដែលជាសកម្មជន យុវជនក៏ដូចជាអ្នកគាំទ្រគណបក្សយល់ច្បាស់អំពីប្រវត្តិគណបក្សយល់ច្បាស់អំពីគុណតម្លៃ គុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាទើបបានជាបងប្អូនយើងគាំទ្រក្លាយជាសកម្មជនជាអ្នកគាំទ្ររហូតមកដល់សព្វថ្ងៃនេះ។

លោក ជុំ កុសល បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះ គ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យសន្ដិភាពសេរីភាព ប្រជាធិបតេយ្យអព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើង រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។

ជំនឿទុកចិត្តរបស់ប្រជាជន គឺជាការទទួលខុសត្រូវរបស់គណបក្សក្នុងការកសាង ប្រវត្តិសាស្ត្រប្រកបដោយមោទនភាពរបស់ជាតិ ដែលមនុស្សគ្រប់រូបក្នុងសង្គមសុទ្ធតែមានចំណែកចូលរួមប្រកប ដោយមនសិការក្នុងគោល បំណងរួមគ្នាការពារជាតិការពារភាពសុខសាន្ត របស់ប្រជាជនគ្រប់រូប និងសម្រេចនូវវឌ្ឍនភាពសង្គម។

ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង២៥ឆ្នាំមកនេះ បានអនុញ្ញាតឱ្យកម្ពុជា ប្រមូលផ្ដុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យ មានការរីកចម្រើនយ៉ាងលឿន។

អភិវឌ្ឍន៍ប្រទេសជាតិឱ្យមាន ការរីកចម្រើនយ៉ាងលឿននេះ បានជំរុញកម្ពុជាបានចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដើម្បីបន្តឈានទៅជាប្រទេសមានមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកអនុប្រធានក្រុមការងារ បានក្រើនរំលឹកដល់បងប្អូនសមាជិកសមាជិកាគណបក្សប្រជាជនដែលបានចូលរួម ក្នុងកម្មវិធីនេះថា ការប្រារឰកម្មវិធីរំលឹកទិវានៃការចាប់បដិសន្ធិ និងការរៀបចំកម្មវិធីរំលឹកទិវាជ័យជំនះ ហើយលើកពីប្រវត្តិគណបក្សគឺដើម្បីបញ្ជ្រាប បន្ថែមដល់បង ប្អូនទាំងអស់ដែលជាសកម្មជនជាអ្នកគាំទ្រនិងជាអ្នកបម្រើរបស់គណបក្សឲ្យបានយល់កាន់តែច្បាស់ ថាតើគណបក្សប្រជាជនមានប្រវត្តិយ៉ាងម៉េច និងមានស្នាដៃយ៉ាងម៉េច ។

ដូចនេះសូមអោយស្មារតីនៃគណបក្សប្រជាជនបានដក់ ជាប់នៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋទាំងអស់គ្នាទូរទាំងប្រទេស ពិសេសប្រជាពលរដ្ឋនៅស្រុកឆ្លូង។ នៅក្នុងឱកាសនោះ លោក ជុំ កុសល ក៍បានប្រគល់រទេះរុញ ជនពិការទៅដល់មន្ទីរពេទ្យបង្អែកស្រុកឆ្លូង ចំនួន១០គ្រឿងផងដែរ៕