(បាត់ដំបង)៖ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពបើកវគ្គបំប៉នដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៨ តុលា ២០២៤ នៅខេត្តបាត់ដំបង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្ត លោក លោកស្រីប្រធានស.ស.យ.ក. ក្រុងស្រុក លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសរុប ៥០០នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ឆ្លងតាមរបាយការណ៍របស់ លោក ម៉ៅ សុបុណ្ណា សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្ត វគ្គបំប៉ននេះរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង អស់រយៈ៩ឆ្នាំកន្លងមកហើយ លើមុខវិជ្ជាចំនួន៥រួមមាន៖ គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ដែលជាមេរៀនសង្ខេបដោយក្រសួងអប់រំ វគ្គបំប៉ននេះរៀបចំឡើងនៅតាមបណ្តាវិទ្យាល័យចំនួន២៧ ទូទាំងខេត្តបាត់ដំបង ដើម្បីផ្តល់នូវចំណេះដឹងដល់ប្អូនៗជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

ក្នុុងនោះផងដែរ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានថ្លែងអំណរគុណដល់ ស.ស.យ.កខេត្ត ដឹកនាំដោយលោក ស រដ្ឋា ដែលបានសហការរៀបចំវគ្គបំប៉ននេះឡើងដែលជាការរួមចំណែកក្នុងវិស័យអប់រំក្នុងខេត្តបាត់ដំបង ជាពិសេសលោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានស.ស.យ.ក ទទួលបន្ទុក៣ខេត្ត ព្រមទាំងសម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលបានផ្តួចផ្តើមវគ្គសិក្សាដ៏មានសារៈសំខាន់នេះឡើង។

ថ្លែងក្នុងពិធីបើកវគ្គនេះ លោក ស រដ្ឋា ក្នុងនាមលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានស.ស.យ.ក ទទួលបន្ទុក ៣ខេត្ត បានថ្លែងអំណរគុណដល់លោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានស្ម័គ្រចិត្តបង្រៀនវគ្គបំប៉ននេះកន្លងមកជារៀងរាល់ឆ្នាំ ព្រមទាំងបានផ្តល់ជាអនុសាសន៍ ផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្ស ជាបេក្ខជនប្រឡង សូមយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ និងសូមខិតខំសិក្សារៀនសូត្រ ដើម្បីជាការតបស្នងដល់លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសឪពុកម្តាយរបស់ប្អូនៗ។

លោក ស រដ្ឋា បានបន្តថា ស.ស.យ.ក ខេត្តបាត់ដំបង បានកៀងគរយុវជនគ្រប់ទិសទីនៅក្នុងខេត្ត ដោយមិនប្រកាន់ពណ៌សម្បុរ អាយុ ភេទ ជំនឿ សាសនា និងនិន្នាការនយោបាយឡើយ ក្នុងនោះ ស.ស.យ.ក ខេត្ត បានកសាងរចនាសម្ព័ន្ធរហូតដល់១៤ក្រុង ស្រុក និងបានរៀបចំរហូតដល់ឃុំ សង្កាត់ គ្រឹះស្ថានសិក្សា និងមន្ទីរវិស័យនានាទូទាំងខេត្តបាត់ដំបង រួមគ្នាជាគ្រួសារខ្មែរតែមួយ ក្នុងបុព្វហេតុជាតិមាតុភូមិ លើកិច្ចការងារសង្គម និងសប្បុរសធម៌ ការងារអប់រំបណ្តុះណ្តាល និងកីឡា ការងារអនាម័យបរិស្ថាន ការងារវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា៕