(កំពង់ចាម)៖ លោក អ៊ុច បូរិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអំពាវនាវលើកទឹកចិត្ដដល់សិស្សានុសិស្ស និងយុវជនទាំងអស់ខិតខំ តស៊ូព្យាយាម រៀនសូត្រ ទោះក្នុងកាលៈទេសណាក៏ដោយ មិនត្រូវបោះបង់ ដើម្បីអនាគតភ្លឺស្វាងទៅថ្ងៃអនាគត និងជាទំពាំងស្នងឬស្សីដ៏រឹងមាំសម្រាប់ជាតិមាតុភូមិ។

ការថ្លែងដូច្នេះរបស់លោក ក្នុងឱកាសអញ្ជើញជាធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា ២ខ្នង មាន១២បន្ទប់ ស្ថិតនៅសាលាបឋមសិក្សា ព្រះអង្គម្ចាស់ក្សត្រីយ៍នរោត្ដម ម៉ារីរណឬទ្ធ ស្ដើងជ័យ ស្ថិតនៅភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភាផងដែរ។

លោក អ៊ុច បូរិទ្ធ បានថ្លែងបន្ដថា «អាវុធដ៏មុតស្រួត សម្រាប់អនាគតដ៏ភ្លឺស្វាងរបស់យើងម្នាក់ៗពិសេសក្មួយៗសិស្សានុសិស្ស នោះគឺជាការតស៊ូព្យាយាម ។ដូច្នេះបើក្មួយមិនការអំណត់ព្យាយាមរៀនសូត្រ អនាគតរ​បស់ក្មួយ គឺមិនអាចភ្លឺស្វាងបានទេ ពិសេសត្រូវចេះស្ដាប់ការទូន្មានអប់រំរបស់ឪពុកម្ដាយ ឬអាណាព្យាបាល ហើយកុំចំណាយពេលវេលាដើរលេង និងប្រព្រឹត្ដអំពើអបាយមុខ ព្រោះបញ្ហានេះវានឹងធ្វើឱ្យប៉ះពាល់ដល់អានាគតយើង ធ្វើឱ្យឪពុកម្ដាយយើងពិបាក នឹងធ្វើឱ្យសង្គមជាតិខ្វះខាត និងប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្ស»។

ក្នុងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្ដិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ការកសាងមូលធនមនុស្ស នៅតែជាអាទិភាព ពីព្រោះកម្ពុជាចង់សម្រេចនូវចក្ខុវិស័យ ប្រែក្លាយប្រទេសដែលបច្ចុប្បន្នមានប្រាក់ចំណូលមធ្យម ទៅជាប្រទេសដែលប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក៏ដូចជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។ ដូច្នេះចាំបាច់បំផុតគឺត្រូវការមូលធនមនុស្ស ដែលមានទាំងចំណេះដឹងផ្នែករឹង ចំណេះដឹងផ្នែកទន់ ចរិយាសម្បត្ដិជាពលរដ្ឋល្អរបស់ជាតិ ។

លោក អ៊ុច បូរិទ្ធ បានបន្ដទៀតថា «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អ្វីដែលសម្ដេចខិតខំប្រឹងប្រែងមកនេះ គឺលើកទិសដៅច្បាស់លាស់ ដើម្បីអភិវឌ្ឍធនធានមនុស្សដែលជាគន្លឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យមានភាពជឿលឿន ។ដូច្នេះហើយបានជាកន្លងមកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានដាក់ទិសដៅយ៉ាងសកម្ម ក្នុងការជំរុញការអភិវឌ្ឍ ក្នុងការបង្កើនគុណភាព ដល់សមាជិក សមាជិកា ក្នុងគុណភាព និងបង្កើនចំនួនសាលារៀន ដើម្បីផ្ដល់ជូនសិស្សានុសិស្សនៅទូទាំងកម្ពុជា បានទទួលការបណ្ដុះបណ្ដាលរៀនសូត្រ ឱ្យមានចំណេះដឹង ក្លាយជាទំពាំងស្នងឬស្សីដ៏រឹងមាំ ជាថ្នាលបណ្ដុះបណ្ដាលបន្ដវេនពីជំនាន់ចាស់ៗ និងក្លាយជាសរសរទ្រូងក្នុងការកសាងប្រទេសជាតិ»។

ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ប្រទេសជាតិមានការអភិវឌ្ឍជាបន្ដបន្ទាប់ទៅលើគ្រប់វិស័យ។ ការអភិវឌ្ឍប្រទេសជាតិនេះ គឺបាននឹងកំពុងបន្ដយ៉ាងសកម្ម ដើម្បីផលប្រយោជន៍ប្រជាជនយើង និងប្រទេសជាតិយើងទាំងមូល មិនមែនតែសម្រាប់តែបុគ្គលណាម្នាក់ ឬសម្រាប់នរណាម្នាក់នោះឡើយ ។

ជាពិសេសលើវិស័យអប់រំ ដូច្នេះសមិទ្ធផលអគារសិក្សានៅថ្ងៃនេះ ដែលជាអំណោយដ៏សប្បុរសជន គឺជាគុណតម្លៃមិនអាចកាត់ថ្លៃបានឡើយ ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងឱកាសនេះលោក អ៊ុច បូរិទ្ធ បានថ្លែងអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងសាលារៀន ដើម្បីឱ្យកូនក្មួយទាំងអស់មានលទ្ធភាពរៀនសូត្រ។

លោក អ៊ុច បូរិទ្ធ បានសង្គត់ធ្ងន់ថា «អ្វីដែលយើងកំពុងធ្វើ និងជួបជុំគ្នាយ៉ាងសប្បាយរីករាយ សម្ពោធសាលារៀនខាងលើនេះ គឺដោយសារតែប្រទេសជាតិមានសុខសន្ដិភាព ដូច្នេះហើយសុខសន្ដិភាព ស្ថេរភាពនយោបាយ បានធ្វើឱ្យជាតិយើងរុងរឿង រស់ជួបជុំគ្រួសារ ឪពុក ម្ដាយ បងប្អូន កូនចៅ ប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗ សាលារៀន មន្ទីរពេទ្យ វត្ដអារាម ផ្លូវថ្នល់ ផ្លូវជាតិងាយស្រួលធ្វើដំណើរ មិនចាំបាច់ភ័យខ្លាច រត់គេចគ្រាប់បែក ភាសខ្លួន បែកបាក់គ្រួសារ ប្រពន្ធកូន ព្រាត់ប្រាស់គ្នា ដូចជំនាន់ខ្មៅងងឹត​របបប្រល័យពូជសាសន៍ ប៉ុលពត ដែលមានតែភាពវិនាស កាប់សម្លាប់យ៉ាងព្រៃផ្សៃ»។

សមិទ្ធផលនៃម្លប់សុខសន្ដិភាព និងស្ថេរភាពដែលយើងទទួលបាននេះ គឺជាការខិតខំប្រឹងប្រែង ពលី លះបង់ប្ដូរជីវិតរបស់វីរៈបុរសបេះដូងស្នេហាជាតិ មាតុភូមិ និងប្រជាជន គឺ សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេគណប្រជាជនកម្ពុជា ដែលបានពលីកម្មលះបង់ជីវិតដើម្បីប្ដូរយកសន្ដិភាព ។ក្រោមម្លប់សន្ដិភាពនេះ បានធ្វើឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋយើង រស់នៅជួបជុំ ក្រុមគ្រួសារយ៉ាងសប្បាយរីករាយ មានសុវត្ថិភា​ព និងគ្មានការភ័យខ្លាចទាំងអស់។

ក្នុងឱកាសនេះដែរ លោកក៏បានអំពាវនាវដល់ប្រជាជនកកម្ពុជាទាំងអស់ រួមសាមគ្គីភាពគ្នា ចេះយកអាសារគ្នា ជួយគ្នាទៅវិញមក ទោះមាននិន្នាការនយោបាយខុសគ្នាគ្នាក៏ដោយ ក៏ត្រូវធ្វើម៉េច កុំធ្វើអ្វីដែលប៉ះពាល់ដល់សុខសន្ដិភាពរបស់ប្រទេសជាតិយើង៕