(ភ្នំពេញ)៖ អគារសិក្សារចនាបទបែបខ្មែរទំនើប របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ពេលនេះបានសាងសង់ជិតរួចរាល់ ជូនសិស្សានុសិស្សនៃវិទ្យាល័យចក ដើម្បីបង្កភាពងាយស្រួល ដល់ការសិក្សារបស់កូនចៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីនៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ សិស្សានុសិស្ស បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសំដែងនូវសេចក្តីរីករាយ ចំពោះលោកបណ្ឌិត អ៊ាង សុផល្លែត ដែលបានឆ្លើយតបនឹងបំណងប្រាថ្នារបស់ពួកគេ និងបានសាងសង់អគារសិក្សាថ្មី១ខ្នង មានរចនាបទខ្មែរទំនើប មានបរិស្ថានស្អាត ខ្យល់អាកាសចេញចូលល្អ ដែលបង្កភាពងាយស្រួលដល់ការសិក្សារបស់សិស្សានុសិស្ស។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា អគារសិក្សាថ្មីនេះមានភាពខុសប្លែកពីគេ មានលក្ខណៈជាខ្មែរ ហើយគិតគូរជាពិសេសលើបរិស្ថានក្នុងការសិក្សា ដែលនឹងភាពងាយស្រួលដល់សិស្សានុសិស្ស បានរៀនសូត្រ និងទទួលបានចំណេះដឹងកាន់តែប្រសើរថែមទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានជ រុញលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ ថែរក្សាការពារនូវសមិទ្ធផល ដែលមានឱ្យបានគង់វង្ស និងចូលរួមអនុវត្តនូវភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតង និងប្រៃក្លាយសាលារៀន គឺជាថ្នាលបណ្តុះនូវធនធានមនុស្ស មានចំណេះដឹង ចំណេះធ្វើ មានគុណធម៌ ដើម្បីក្លាយជាយុវជនអ្នកបន្តវេនដ៏ល្អនាពេលអនាគត។

សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់អគារសិក្សាថ្មី១ខ្នង ដែលសាសង់ឡើងតាមរចនាបទបែបខ្មែរទំនើប មានចំនួន ១៦បន្ទប់ ជាន់ផ្ទាល់ដី ៨បន្ទប់ និងជាន់លើចំនួន ៨បន្ទប់ ធំទូលាយ មានបរិយាកាសល្អ ផ្តល់នូវផាសុខភាព នៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

អគារសិក្សាថ្មីនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ តាមគម្រោងការសាងសង់នឹងគ្រោងបញ្ចប់ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

សូមបញ្ជាក់ថា វិស័យអប់រំដែលជាវិស័យគន្លឹះ និងអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងកំណត់យ៉ាងច្បាស់ នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ដែលក្នុងនោះរួមមាន “មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា”៕