(ភ្នំពេញ)៖ នៅទីបំផុតទៅរំលងបានប៉ុន្មានថ្ងៃ ឃាតកម្មសម្លាប់សង្សារខ្លួនឯង នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ទីតាំលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវពន្លាតដែនសមត្ថកិច្ចឃាត់ខ្លួនបាននៅខេត្តសៀមរាប។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីរនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការស្រាវជ្រាវបង្ក្រាបករណីឃាតកម្ម កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៦ និង០០នាទីព្រឹក នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ទីតាំលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០ និង ៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានថា មានសាកសពនារីជនជាតិខ្មែរ ០១នាក់ ដេកស្លាប់ក្នុងបន្ទប់ នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ទីតាំលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទទួលគោក បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ យោងតាមការពិនិត្យសពរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ អមសាលាដំបូងរាជធានីភ្នំពេញ បានសដ្ឋានថាៈ ជាករណី ឃាតកម្ម ដោយជនរងគ្រោះបានស្លាប់ដោយសារការខ្ទប់មាត់ ខ្ទប់ច្រមុះ និងច្របាច់ ក សម្លាប់។

សពឈ្មោះ សួន មករា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន ស៊ីនេតឈ័រ កូហ្វីលអេនផាប់ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។

ស្លាកស្នាមនៅសាកសពមាន៖ ស្លាកស្នាមជាំរលាត់ទ្រុឌនៅលើករបស់ជនរងគ្រោះផ្នែកខាងមុខ, ស្នាមជាំគន្លាក់ដៃទាំងសងខាង និងក្រលៀនខាងឆ្វេង។

ជនសង្ស័យឈ្មោះ ចាន់ ដាលីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកភោជនីយ៍ដ្ឋាន ស៊ីនេតឈ័រ កូហ្វីលអេនផាប់ ស្នាក់នៅបន្ទប់កើតហេតុជាមួយជនរងគ្រោះ (ត្រូវជាគូសង្សារនឹងគ្នា)។

កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទទួលគោក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងមានការដឹកនាំសហការណ៍ពីកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧ កម្លាំងសមត្ថកិច្ចយើងបានស្វែងរកឃើញម៉ូតូ០១គ្រឿង ម៉ាក Click 2021 ពណ៌ស ផ្លាកលេខ កណ្តាល 1AN-9884 ដែលជនសង្ស័យជិះគេចខ្លួនចេញពីកន្លែងកើតហេតុ យកទៅលាក់ទុកក្នុងបរិវេណវត្ត ស្វាយពពែរ ស្ថិតនៅក្នុងភូមិសាស្រ្តខណ្ឌចំការមន។

កម្លាំងសមត្ថកិច្ចបានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៦ ទើបប្រមូលបានពត៌មានថា ជនសង្ស័យបានគេចខ្លួនទៅដល់ខេត្តសៀមរាម ទើបធ្វើការពន្លាតដែនដីទៅដល់ខេត្តសៀមរាម ដោយមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង២១ និង១០នាទីទើបចាប់ឃាត់ខ្លួនបានជនសង្ស័យនៅចំណុចមុខសាលាវិទ្យាល័យអង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានសារភាពថាៈ ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះដែលជាសង្សាររបស់ខ្លួនពិតប្រាកដមែន ហើយមូលហេតុដែលខ្លួនសម្លាប់ជនរងគ្រោះ ព្រោះការប្រចណ្ឌ ហើយម៉្យាងទៀតខ្លួនខឹងនិងជនរងគ្រោះដែលតែងតែជេរប្រមាថមើលងាយខ្លួនជាខ្លាំង ដោយទ្រាំមិនបាន ហើយខ្លួនស្រវឹងស្រាខ្លះផង ក៏ចាប់ច្របាច់កជនរងគ្រោះរហូតដល់ស្លាប់តែម្តង ដោយហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៦ព្រឹក។

ចំពោះករណីនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី៕