(ព្រះវិហារ)៖ លោក ព្រហ្ម ផេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានថ្លែងថា ការរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺដោយសារការដាក់ជីវិត ការប្តូរជីវិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលលោកបានសម្រេចចិត្តធ្វើការភៀសខ្លួន ធ្វើដំណើរទៅរំដោះជាតិចូលទៅក្នុងទឹកដីវៀតណាម។

ការថ្លែងរបស់លោក ព្រហ្ម ផេង ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤ នៅស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរយមពីលោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាអនុប្រថានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសង្គមថ្មី ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកសង្គមថ្មី ថ្នាក់ដឹកនាំគណបក្សស្រុក និងពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក ព្រហ្ម ផេង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។

គ្រប់ដំណាក់កាល គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាជាច្រើន ជាពិសេសបានផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ បានបញ្ចប់សង្គ្រាមរំាំរ៉ៃក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោឆ្នាំ១៩៩៨ និងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើនទៀត ពិសេសរក្សាបានសន្តិភាព កសាងប្រទេសឡើងវិញ ពីបាតដៃទទេក្រោមគំនរផេះផង់នៃសង្គ្រាម រហូតមានការអភិវឌ្ឍន៍ជាតិរីកចម្រើនដូចបច្ចុប្បន្ន។

លោកថាការប្រារព្ធពិធីដ៏ឱឡារិកនេះ ឡើងក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នក ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានតស៊ូពុះពារ ធ្វើពលិកម្មយ៉ាងធំធេង ដើម្បីប្រទេសជាតិនៅ គ្រប់ដំណាក់កាល ដែលធ្វើឱ្យកម្ពុជាស្ថិតស្ថេរគង់វង្ស និងមានអ្វីៗនៅថ្ងៃនេះ។យើងទាំងអស់ គ្នាចងចាំជានិច្ចនូវវីរភាពដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត បន្តថែរក្សា រាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សស្ថិតស្ថេរជារៀងរហូត។

លោក ព្រហ្ម ផេង ក៏បានប្រកាសជូនការដូរក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នូវអគារសាលប្រជុំគណបក្សស្រុកសង្គមថ្មី១ខ្នង តម្លៃជិត៥មុឺនដុល្លា ដោយលោក និងលោក សំ លាងទ្រី ជាអ្នកកសាងអគារ ចំណែករបងជុំវិញគឺគណបក្សស្រុកជាអ្នកកសាង៕