(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដបស្រាវាយក្បាល និងយកកូនកន្ត្រៃឆូតភ្លៅឆ្វេងលើជនរងគ្រោះបណ្ដាលឲ្យរបួស) នៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៥:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ៣នាក់នៅចំណុចផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣។

ក្រុមជនល្មើសបានប្រព្រឹត្តនៅល្មើសនៅចំណុចផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ជនសង្ស័យទាំង៣នាក់ រួមមាន៖

ទី១៖ ឈ្មោះ លី ហុកឌីណូ ហៅ ឌីណូ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ទី២៖ ឈ្មោះ វិជ្ជា ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ទី៣៖ ឈ្មោះ មុនី ពៅ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាក ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ។

ជនរងគ្រោះមានឈ្មោះ យឹម ដាលីហ្សា អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះជួលគ្មានលេខ នៃផ្ទះលេខ៤៩D ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕