(ភ្នំពេញ)៖ លោកយាយ តាត់ ឆេន ភរិយាព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ រំជួលចិត្ដហូរទឹកភ្នែក ថ្លែងអំណរគុណសម្ដេ​ចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីសម្ដេចបានបន្ដចាត់សហការី ចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ស្វាមីលោកយាយផ្ទាល់ដល់គេហដ្ឋាន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

លោកយាយ​ តាត់ ឆេន បានថ្លែងថា «ខ្ញុំត្រេកអរណាស់ ហើយរំភើបចិត្ដយ៉ាងខ្លំាង ពេលដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ភាពកក់ក្ដៅ និងគោរពស្រលាញ់តាខ្ញុំ (លោកព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ) តាំងពីតាខ្ញុំនៅរស់ រហូតដល់តាខ្ញុំ លាចាកលោកទៅ តាខ្ញុំពិតជាមានភ័ព្វសំណាងណាស់ ដែលទទួលបានការយកចិត្ដទុកដាក់ពីសម្ដេចរហូតមក»។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន គឺតែងតែយកចិត្ដទុកដាក់ ពិសេសគិតគូរពីសុខទុក្ខ និងជួយសម្រាលរាល់ការលំបាក ពេលដែលលោកព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ មានវ័យចាស់ជរា និងមានជំងឺប្រចាំកាយ ដោយតែងតែចាត់សហការីរបស់សម្ដេច ចុះសួរសុខទុក្ខ ដោយភ្ជាប់ជាមួយនឹងអំណោយមនុស្សធម៌ រួមទាំងថវិកាជូនដល់លោកព្រឹទ្ធចារ្យ និងគ្រួសារ ជាច្រើនលើកច្រើនសារ។

បើតាមការបញ្ជាក់បន្ថែមរបស់លោក គង់ បុរាណ ដែលត្រូវជាកូនប្រុសលោកយាយ តាត់ ឆេន និងព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ បានឱ្យដឹងថា «សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺតែងតែចាត់សហការីរបស់សម្ដេច ចុះមកសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ មកដល់ឪពុករបស់ខ្ញុំរហូត តាំងពុករបស់ខ្ញុំ នៅមានជីវិត ពិសេសពេលពុករបស់ខ្ញុំមានវ័យជរាកាន់តែខ្លាំង កម្លាំងខ្សោយ និងធ្លាក់ខ្លួនឈឺ សម្ដេចបានឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគមួយចំនួន ដល់គ្រួសារខ្ញុំជានិច្ច ទោះជាពេលឪពុកខ្ញុំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតក៏ដោយ»។

សូមជម្រាបថា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកស្រីវេជ្ជ. យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជា លោកស្រី តាត់ ឆេន និងក្រុមគ្រួសារ ចំពោះមរណៈភាព លោកព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ កាលពីនៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២ម៉៤០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ វេជ្ជ. អ៊ុយ សំអាត បាននាំយកសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារដូចខាងក្រោម៖ «លោកស្រី តាត់ ឆេន ជាទីគោរពស្រឡាញ់ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ ។

ក្នុងសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្ដថា «មរណភាពរបស់លោកព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ជីតាជីតាទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ដែលតស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា ផ្តល់នូវឱវាទល្អៗដល់កូន ចៅ ចៅទួត ឱ្យរស់នៅប្រកបដោយគន្លងធម៌មានអនាគតរុងរឿង និងជាការបាត់បង់នូវមរតកមនុស្សដ៏ឆ្នើមមួយរូប និងជាធនធានដ៏កម្របំផុតរបស់កម្ពុជា ក្នុងវិស័យសិល្បៈបុរាណខ្មែរផ្នែកចាប៉ីដងវែង។

ទោះបីរូបកាយរបស់ លោកព្រឹទ្ធចារ្យកោសលវោហារ បានបាត់បង់ទៅមែនពិតប៉ុន្តែអំពើជាកុសល កិត្តិយសដ៏ឧត្តុង្គឧត្តម សេចក្តីថ្លៃថ្នូរ និងស្នាដៃសិល្បៈគួរឱ្យកោតសរសើរបំផុត និងជាទីមោទនៈសម្រាប់ជាតិខ្មែរ នឹងស្ថិតនៅក្នុងការចងចាំជានិច្ចនិរន្តរ៍របស់លោកស្រីជាភរិយា កូន ចៅ ចៅទួត និងញ្ញាតិមិត្តជិតឆ្ងាយទាំងអស់។

ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធរបស់ លោកព្រឹទ្ធចារ្យកោសលវោហារ គង់ ណៃ សូមឆាប់បានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពីខ្ញុំ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា»៕