(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) បានចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីរបស់ CICA តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំបានពិនិត្យលើការអនុវត្តវិធានការកសាងទំនុកចិត្តរបស់ CICA ដែលផ្តោតលើទិដ្ឋភាពមនុស្ស ផែនទីចង្អុលផ្លូវសម្រាប់ការវិវត្តទៅមុខរបស់ CICA (RMT) និងឯកសារលទ្ធផលសម្រាប់កិច្ចប្រជុំលើកទី៧ នៃថ្នាក់រដ្ឋមន្ត្រី CICA ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាគូ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះប្រធានអង្គប្រជុំកាហ្សាក់ស្ថាន ដែលបានរៀបចំសេចក្តីព្រាងធម្មនុញ្ញ CICA ជាលើកទីមួយ និងបានស្នើសុំឱ្យក្រុមអ្នកជំនាញ CICA ពិភាក្សាសេចក្តីព្រាងធម្មនុញ្ញនេះឱ្យបានល្អិតល្អន់៕