(ភ្នំពេញ)៖ ក្នុងមនោសញ្ចេតនានឹករឭក ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងស្វែងយល់ពីសុខទុក្ខ ស្ថានភាពគ្រួសាររបស់គូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍ រួមពេល និងថ្ងៃតែមួយជាមួយ សម្តេចក្នុងរបបអាវខ្មៅខ្មែរក្រហមនោះ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះ សំណាល និងពិសាអាហារសាមគ្គីជាលក្ខណៈគ្រួសារ ជាមួយ គូស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍រួមគ្នាក្នុងពេលតែមួយជាមួយសម្តេច។ ពិធីនេះ បានប្រព្រឹត្តិទៅនៅភូមិគ្រឹះ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានវត្ថមានចូលរួមពីស្វាមី-ភិយា ដែលនៅមានជីវិតទាំងគូចំនួន៣គ្រួសារ ស្ត្រីមេម៉ាយ ចំនួន៤គ្រួសារ និងពោះម៉ាយ ចំនួន១គ្រួសារ។

គូរស្វាមី-ភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍ដំណាលគ្នាជាមួយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរបបខ្មែក្រហម នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ មានចំនួន ១៣គូរាប់ទាំងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្នុងនោះ គូទី១ គឺ សមមិត្ត អ៊ាន សុផល និងសមមិត្តនារី ឆាងញ៉, គូទី២ សមមិត្ត ចាន់ សេង និងសមមិត្តនារី ម៉ម ខំ គូនេះ(ស្វាមីស្លាប់), គូទី៣ សមមិត្ត ស៊ីន ហុង និងសមមិត្តនារី អ៊ុន ស៊ឺម, គូទី៤ សមមិត្ត រ៉ាយ បឿន និងសមមិត្តនារី យឿន គូនេះ(ស្វាមីស្លាប់), គូទី៥ គឺ សមមិត្ត វ៉ា សំ អឿន និងសមមិត្តនារី ញឹម ណាន គូនេះ(ស្វាមីស្លាប់), គូទី៦ សមមិត្ត ញៀត ផល្លា និងសមមិត្តនារី រស់ រ៉ន គូនេះ(ស្វាមីស្លាប់), គូទី៧ សមមិត្ត ស៊ីន និងសមមិត្តនារី វ៉ាន្នី គូនេះ(ស្វាមីស្លាប់), គូទី៨ គឺសមមិត្ត យ៉ាំ សែម និងសមមិត្តនារី ប៊ុន ថុល, គូទី៩ សមមិត្ត ច្រឹក សុវណ្ណ និងសមមិត្តនារី ណាត គូនេះ(ស្លាប់ទាំងស្វាមីនិងភរិយា), គូទី១០ សមមិត្ត សួន គា និងសមមិត្តនារី ម៉ី សេក គូនេះ បែកគ្នា ហើយ(ស្វាមីស្លាប់), គូទី ១១ សមមិត្ត ឈួន សា គំ និងសមមិត្តនារី សែត គូនេះ(ភរិយាស្លាប់), គូទី១២ សមមិត្ត ហែម និងសមមិត្តនារី វណ្ណា គូនេះ(ស្លាប់ទាំងស្វាមីនិងភរិយា) និងគូទី១៣ សមមិត្ត ហ៊ុន បូណាល់ និសមមិត្តនារី ភី បច្ចុប្បន្ន គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

គួរំលឹកថា គិតមកដល់ឆ្នាំ ២០២៤នេះ ចំណងអាពាហ៍ពិពាហ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺមានរយៈពេល ៤៨ឆ្នាំហើយ។ អាពាហ៍ពិពាហ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិ ប៊ុនរ៉ានីហ៊ុនសែន ដែលរៀបចំឡើង ដោយខ្មែរក្រហម នៅថ្ងៃទី៥ ខែមករាឆ្នាំ១៩៧ ៦ជាមួយ គូស្រករ ១២គូ ផ្សេងទៀត ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យនោះ ជាអាពាហ៍ពិពាហ៍ ដ៏សែនសោះកក្រោះ គ្មានឡើយ សម្លៀកបំពាក់ប្រពៃណី, គ្មានឡើយ ភ្លេងបាយខុនចងចៃ, គ្មានឡើយ ភ្លេងព្រះថោង តោងស្បៃ,គ្មានការអញ្ជើញចូលរួម ពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួម អបអរសាទរពី មិត្តភក្តិនោះដែរ ពោលឈុត អាពាហ៍ ពិពាហ៍ មានតែអាវខ្មៅ និងមានតែ អង្គការប៉ុណ្ណោះ ធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។

ក្រោយ អាពាហ៍ពិពាហ៍ គ្មានឡើយ រាត្រីទឹកឃ្មុំ ឬ ក៏ដំណើរកម្សាន្ត ទៅកាន់តំបន់កម្សាន្តនានា ដូចពេលបច្ចុប្បន្ន។ ក្រោយការរៀបការ គ្មានការជួបជុំពិសារភោជនាហារនោះឡើយ រយៈពេលប្រមាណ២៨ម៉ោង ក្រោយរៀប ការទើបគូស្នេហ៍មួយគូនេះបានអាហារពេលល្ងាចជាអាហារដែលរៀបចំឡើងដោយប្រជាពលរដ្ឋ។រាត្រីទឹកឃ្មុំរបស់សម្តេចតេជោហ៊ុនសែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅលើផ្ទះ ប្រជាពលរដ្ឋមួយ ក្នុង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ក្នុងអំឡុងពេលត្រឡប់ពីកន្លែងអាពាហ៍ពិពាហ៍ទៅកាន់មូលដ្ឋាន របស់សម្តេច វិញ។ចំណងអាពាហ៍ពិពាហ៍របស់ សម្តេចទាំងទ្វេ បានបន្សល់ទុកនូវការឈឺចាប់ ជាងអ្វីៗបំផុតនោះ គឺការ បាត់បង់កូនប្រុសដំបូង ព្រោះតែការធ្វេសប្រហេស របស់ឆ្មបខ្មែរក្រហម និងត្រូវព្រាត់ភរិយា ទាំងកូនក្នុងផ្ទៃ ដើម្បីចេញតស៊ូរំដោះជាតិ ការរស់នៅលាក់ប្រវត្តិគ្រប់ទីកន្លែង ទាំងកូនក្នុងផ្ទៃ និងការវិលជួបវិញ កូនមិនស្គាល់ឪពុក សុទ្ធតែជាប្រវត្តិឈឺចាប់បំផុត និងមិនអាចបំភ្លេចចបាន នៅក្នុងជីវិតសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបប្រៀបបីដូចក្រោមស្បៃអន្ធការ។ ពិតណាស់ថា ជីវិតស្វាមី-ភរិយារបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធ គឺលំបាកខ្លាំងណាស់ ដោយសារតែជីវិតគូនេះ បានចាប់កំណើតឡើងក្នុងគ្រាប្រទេសជាតិ មានកលិយុគ្គ និងវិបត្តិនៃភ្លើងសង្គ្រាម។ តែជីវិតស្វាមី-ភរិយារបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្សារភ្ជាប់ជានិច្ចជាមួយព្រឹត្តិការណ៍របស់ជាតិ ក្នុង ដំណាក់កាលដ៏សែនលំបាកបង្កឡើងដោយសង្គ្រាមនិងនាំប្រទេសមករកសុខសន្តិភាពនិងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។ ចំណងដៃនៃអាពាហ៍ពិពាហ៍ក្នុងប្រទេសមានសង្រ្គាមនេះសម្តេចទាំងពីរទទួលបានបុត្រ ចំនួន៦រូប តែមួយរូប ត្រូវបានទទួលមរណភាព ពេលចាកចេញពីផ្ទៃភ្លាមៗមកម្ល៉េះ គឺកុមារា«ហ៊ុនកម្សត់» ។

ចាប់ផ្តើមពីប្តីប្រពន្ធតែ២នាក់កាលពី៤៨ឆ្នាំមុន បច្ចុប្បន្នក្រុមគ្រួសារសម្តេច មានសមាជិករហូតដល់ ៣៤នាក់ ដែលក្នុងនោះកូនបង្កើត និងកូនប្រសារចំនួន ១០នាក់ ចៅចំនួន ២២នាក់។

ក្នុងជំនួបសំណេះសំណាល និងពិសាអាហាសាមគ្គីជាលក្ខណៈគ្រួសារនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងសេចក្តីរីករាយ ដែលមានឱកាសបានជួបក្រុមគ្រួសារ ស្វាមី-ភរិយា រួមថ្ងៃអាពាហ៍ពិពាហ៍ទាំងអស់ ព្រមទាំងបានរំឭកពីប្រវត្តិជូរចត់នៃអាពាហ៍ពិពាហ៍ និងការរស់នៅដោយភាពភ័យខ្លាចរកអ្វីប្រៀបផ្តឹមពុំបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ក្នុងជំនួបដ៏ពិសេសថ្ងៃនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថមដល់គូស្វាមី-ភរិយា ចំនួន៨គ្រួសារ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះ ក្នុង១គ្រួសារៗ ថវិកាចំនួន ២០លានរៀល។ សម្តេចតេជោ បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះតទៅ សម្តេចនឹងឧបត្ថមជាប្រចាំខែ ដល់គ្រួសារនីមួយៗខាងលើនេះ ក្នុង១ខែថវិកា ១លានរៀល សម្រាប់ជួយសម្រាលបន្ទុកគ្រួសារ។

សម្រាប់កូន និងចៅគ្រួសារ ទាំង១២គូ ដែលបានរៀប អាពាហ៍ ពិពាហ៍ក្នុងថ្ងៃតែមួយជាមួយសម្តេចក្នុងរបបខ្មែរក្រហមនោះ សម្តេចសន្យាជួយពួកគេឱ្យទទួលបានការសិក្សាសមរម្យ ពោលអ្នកដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម្តេច នឹងផ្តល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រ។ ដោយឡែក សម្រាប់អ្នកប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្តេច នឹងផ្តល់អាហារូបរណ៍ឱ្យសិក្សាថ្នាក់បរិញ្ញាបត្ររងតាមជំនាញផ្សេងៗ៕