(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (២៦ មិថុនា ២០២៤) ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន» ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីព្រះរាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត, កងកម្លាំងទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងស្ថាប័នពាក់ព័ន្ធ យុវជនការិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្សជាច្រើនចូលរួមផងដែរ។

ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (២៦ មិថុនា ២០២៤)នេះដែរ ក៏បានដុតបំផ្លាញចោលនូវគ្រឿងញៀន ទម្ងន់ ១០,៥៧៦.១១ក្រាម និងបារីអេឡិចត្រូនិចគ្រប់ប្រភេទ ចំនួន៤៧ប្រអប់ ព្រមទាំងឧបករណ៍ ប្រើប្រាស់សម្រាប់ជក់គ្រឿងញៀនផង​ដែរ។

ថ្លែងក្នុងឱកាសនោះ លោក ពិន ប្រាកដ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មន្ទីរ អង្គភាព អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច ក្នុងការចូលរួមចំណែកបង្រ្កាប ការទប់ស្កាត់ ការអប់រំ ណែនាំ អំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ជាពិសេស គឺការរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៍មានសារៈសំខាន់នៅពេលនេះ។

លោក ពិន ប្រាកដ បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តដឹកនាំអនុវត្ត និងថែរក្សាមរតកសន្តិភាព និងសន្តិសុខដ៍ថ្លៃថ្លា តម្កល់វិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាវិស័យអាទិភាពចាំបាច់បំផុតរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយ និងវិធានការគន្លឹះទាំង៥ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ កំណែទម្រង់ក្បាលម៉ាសុីនដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបង្កើតគណៈបញ្ជាការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាសក្ខីភាពយ៉ាងប្រត្យក្សមួយ បង្ហាញពីគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមិនរាថយឡើយ។

លោកបន្តថា ដើម្បីសម្រេចឲ្យបាននូវទិសដៅនេះ គឺទាមទារឲ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធទាំងអស់អនុវត្ត ៣កុំ មួយរាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍អំពីបទល្មើសគ្រឿងញៀនសំដៅធ្វើឲ្យកើតមាននូវប្រទេសខ្ញុំ សុវត្ថិភាពខ្ញុំ ឬសៀមរាបផ្ទះខ្ញុំគ្មានគ្រឿងញៀន។

លោកបានបន្តទៀតថា បញ្ហាគ្រឿងញៀនខុសច្បាប់នេះ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដ៏មុតស្រួច តាមរយៈបទបញ្ជាលេខ០១បប ស្តីពីការដាក់ចេញវិធានការមុឺងម៉ាត់ និងបទបញ្ជាដាច់ខាតចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាប់កិច្ចសន្យា តាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលពាក់ព័ន្ធ និងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង។

លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានអាននូវសារលិខិតទាំងស្រុង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ព្រមទាំងបានលើកនូវខ្លឹមសារនៃការអប់រំ ផ្សព្វផ្សាយ ពីការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ព្រមទាំងការសិក្សា និងជីវិតស្រស់ថ្លារបស់យុវវ័យ ហើយយុវជនដែលល្អ ត្រូវចូលរួមគាំទ្រការកំចាត់គ្រឿងញៀន ស្របតាមទស្សនៈវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន។

ជាមួយនេះដែរ គណ:អធិបតីបានអញ្ជើញបង្ហោះប៉េងប៉ោងជានិមត្តរូប ព្រមទាំងបានធ្វើការដង្ហែក្បួន និងទៅដុតបំផ្លាញចោលនូវសារធាតុគ្រឿងញៀន និងវត្ថុតាង នៅមុខសាលាខេត្តសៀមរាបផងដែរ៕