(ភ្នំពេញ)៖ ក្រោយផ្សព្វផ្សាយមួយសប្តាហ៍មក CoolApp បានជាប់ចំណាត់ថ្នាក់លេខ១ ជាបណ្តាញទំនាក់ទំនងសង្គម Chat មានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ App Store និង Play Store គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

សូមជម្រាបថា ក្រៅពីបណ្តាញសារព័ត៌មានយក្សរបស់អាមេរិក CNN នៅបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនទៀតបានផ្សព្វផ្សាយពីកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជា ទៅកាន់ពិភពលោក, សារព័ត៌មាន Digital ដែលផ្សព្វផ្សាយពីកម្មវិធី CoolApp មានរហូតដល់ ១៦បណ្តាញ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់។

CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ​ App Store និង Play Store ហើយ។

CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។

CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp បានឲ្យដឹងថា កម្មវិធី CoolApp ត្រូវបានទាញយកយ៉ាងច្រើនជិត២០ម៉ឺននាក់ហើយ ខណៈ CoolApp មិនតាមដាន មិនប្រមូល ឬរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នោះឡើយ។ លោកអះអាងថា CoolApp ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត។

សូមជម្រាបថា នៅតំបន់អាស៊ាន មានតែប្រទេសចំនួន ២ទេ ដែលមានបណ្តាញទំនាក់ទំនងសង្គម Chat ផ្ទាល់ខ្លួន គឺវៀតណាម មានកម្មវិធី Zalo និងកម្ពុជា មានកម្មវិធី CoolApp ខណៈឡាវមានកម្មវិធីផ្ញើសារ G-Chat របស់ខ្លួនដែរ តែមិនទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ ពោលសម្រាប់តែមន្រ្តីរាជការប៉ុណ្ណោះ។

បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជា​កម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ៕