(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ បច្ចុប្បន្នស្ថាបនាបានចន្លោះ ពី៣០ ទៅ៣៥% បើប្រៀបធៀបជាមួយផែនការដើម គឺមានការយឺតយ៉ាវ នេះដោយសារបញ្ហាធំ គឺដោយសារការរីករាលដាលជំងឺកូវីដ១៩។ តែទោះជាយ៉ាងនេះក្តី គម្រោងនេះនឹងផ្តល់ក្តីសង្ឃឹមជាថ្មីដល់កម្ពុជា ក៏ដូចជាផ្តល់ក្តីសង្ឃឹមដល់ខេត្តពោធិ៍សាត់យើង នៅក្នុងឆ្នាំ២០២៦ខាងមុខ ដោយសារស្ថានភាពទឹកជំនន់ ត្រូវបានកាត់បន្ថយនៅខែវស្សា និងបង្កើនទឹកឱ្យបានល្អ ក្នុងខែប្រាំង។

លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា និងលោក KIM MYUNG IL អគ្គនាយកក្រុមហ៊ុន SPHP (Steung Pursat Hydro Power)របស់កូរ៉េ ព្រមទាំងប្រតិភូ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានជម្រាបជូនថា គម្រោងនេះគឺជាគម្រោងវារីអគ្គិសនីថាមពលស្អាត ដែលអនុភាព៨០មេហ្កាវ៉ាត់ ដែលត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុម័តមុនកូវីដ១៩។ បច្ចុប្បន្នគម្រោងនេះ ស្ថាបនាបានចន្លោះ ពី៣០ ទៅ៣៥%តែប៉ុណ្ណោះ បើប្រៀបធៀបជាមួយផែនការដើម គឺមានការយឺតយ៉ាវ នេះដោយសារបញ្ហាធំ គឺដោយសារការរីករាលដាលជំងឺកូវីដ១៩។

លោករដ្ឋមន្ត្រីបានបន្តថា បញ្ហាកូវីដ១៩ បានធ្វើឱ្យមានការស្ទះ ដល់ដំណើរការហិរញ្ញប្បទានផង និងរាំងស្ទះដល់ការសាងសង់ផង។ ដូច្នេះហើយនៅពេលដែលគម្រោងនេះ ចាប់ផ្ដើមសាងសង់ឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ពួកយើងក៏បានខិតខំផ្តល់ការគាំទ្រជាចាំបាច់ ដើម្បីឱ្យគម្រោងនេះអាចចាប់ផ្ដើមសាងសង់ ឱ្យបានទាន់ពេលវេលា នៅក្នុងឆ្នាំ២០២៦ ត្រូវតែចេញដំណើរការឱ្យបាន។

លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថា កិច្ចការនេះគឺជាការដែលយើងប្រឹងរួមគ្នា រវាងអគ្គិសនីកម្ពុជា ជាមួយក្រសួងរ៉ែ និងថាមពល ក៏ដូចជាអាជ្ញាធរខេត្ត និងអាជ្ញាធរអគ្គិសនីកម្ពុជា ដោយផ្ដោតសំខាន់ ទៅលើបញ្ហាដែលយើងចង់បានកិច្ចការពាររួមគ្នា។ ជាការពិតណាស់ រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺចង់បានកិច្ចការចំនួន២ធំៗគឺ៖

ទី១-ចង់បានអគ្គិសនីស្អាត ដើម្បីយកមកជួយដល់បណ្តាញជាតិ ក្នុងការរក្សាតម្លៃរបស់អគ្គិសនី នៅក្នុងប្រទេសកម្ពុជា បង្កើនថាមពលបៃតងឱ្យប្រទេសយើង ដើម្បីយកទៅប្រកួតប្រជែង និងការទាក់ទាញឧស្សាហកម្ម មកពីក្រៅប្រទេស។
ទី២-សម្រាប់ទឹកដីខេត្តពោធិ៍សាត់ គឺជាការទប់ទឹក ដើម្បីកុំឱ្យបំផ្លិចបំផ្លាញ ដល់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងស្រូវរបស់ប្រជាកសិករនៅរដូវវស្សាផង។

លោក កែវ រតនៈ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អ្នកពោធិ៍សាត់ដឹងហើយ ពិសេសប្រជាពលរដ្ឋនៅស្រុកក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង កាលណាមានភ្លៀងធំមក គឺតែងតែជន់លិចដល់ផ្នែកខាងក្រោម នឹងធ្វើឱ្យខូចខាតដល់ហេដ្ឋានរចនាសម្ព័ន្ធ រួមមានស្ពាន ផ្លូវជាច្រើន និងស្រែស្រូវប្រជាកសិករផងដែរ។ ប្រសិនបើយើងមានទំនប់នេះ នៅខែវស្សាទំនប់នេះនឹងធ្វើជាអាង ដើម្បីស្តុកទឹក កាត់បន្ថយហានិភ័យ នៃការបំផ្លាញដោយសារទឹកជំនន់ ទៅផ្នែកខាងក្រោម។ ទន្ទឹមហ្នឹងនោះ នៅខែប្រាំង ប្រភពទឹកនៃទំនប់នេះ នឹងផ្ដល់ប្រភពទឹកច្រើនលានម៉ែត្រគូប ដើម្បីយកទៅស្រោចស្រពកសិកម្ម នៅប៉ែកខាងក្រោម រហូតដល់ខាងស្រុកបាកាន នៅប៉ែកខាងលិច។

លោករដ្ឋមន្ត្រីបន្ថែមទៀតថា ថ្វីត្បិតតែគម្រោងនេះ មានការយឺតយ៉ាវក្នុងការចាប់ផ្ដើម ដោយសារតែបញ្ហាជំងឺកូវីដ១៩ ក៏ប៉ុន្តែឥឡូវយើងបានចាប់ផ្ដើមសាងសង់ ដែលបានផ្តល់ក្តីសង្ឃឹមជាថ្មីដល់កម្ពុជា ក៏ដូចជាផ្តល់ក្តីសង្ឃឹមដល់ខេត្តពោធិ៍សាត់យើង នៅក្នុងឆ្នាំ២០២៦ខាងមុខ ស្ថានភាពទឹកជំនន់នឹងត្រូវបានកាត់បន្ថយនៅខែវស្សា និងបង្កើនទឹកឱ្យបានល្អក្នុងខែប្រាំង។

លោក កែវ រតនៈ បានគូសបញ្ជាក់ថា ការមកចុះមកនាថ្ងៃនេះ ក៏សម្តែងពីការកង្វល់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលការយឺតយ៉ារបស់បណ្ដាគម្រោងផ្សេងៗ គឺបានដាក់សម្ពាធដល់ការផ្គត់ផ្គង់អគ្គិសនីកម្ពុជា សម្រាប់ឆ្នាំ២០២៥ និង២០២៦ខាងមុខ។ ដូច្នេះនេះគឺជាចំណែកមួយ នៃការប្រឹងប្រែងរបស់សម្តេច ដែលចង់ឃើញថាការយឺតយ៉ាវទាំងឡាយណាពីមុនមក យើងត្រូវជួយរួមគ្នាធ្វើយ៉ាងម៉េចឱ្យមានការសាងសង់ទាន់ពេលវេលា ដែលយើងចង់បាន។ ជាមួយគ្នានោះ លោកបានសង្គត់ធ្ងន់ថា នេះគឺជាការវិនិយោគរួម ៣ប្រទេស របស់ក្រុមហ៊ុនកូរ៉េ រួមទាំងក្រុមហ៊ុនចិន និងក្រុមហ៊ុនជប៉ុន ដែលជាអ្នកដាក់ទុនវិនិយោគ ហើយម្ចាស់ដើមរបស់គម្រោងនេះ គឺប្រជាជនកម្ពុជាទាំងមូល។

គួរជម្រាបជូនថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។ គម្រោងនេះ បានចាប់ផ្តើមដំណើរការសាងសង់ នៅខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ស្ថាបនាបានចន្លោះ ពី៣០ ទៅ៣៥%ហើយ៕