(ស្វាយរៀង)៖ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងកែច្នៃគ្រឿងញៀនខុសច្បាប់ នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការសម្របសម្រួលពី លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានអះអាងថា ប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យជនជាតិវៀតណាម ចំនួន៥នាក់ (ស្រីម្នាក់)។ ចាប់យកវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១៣៥៦,៥១ក្រាម, ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់២៥៤,៥៩ក្រាម, ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់២២,៦២ក្រាម សរុបសារធាតុញៀនទម្ងន់ ១៧៦១,៧១ ក្រាម។

ក្រៅពីនេះក៏មានសារធាតុមិនច្បាស់ទម្ងន់ ២២៦៧,៤៩មក្រាម, ម៉្សៅកញ្ចប់ម៉ាក Extrajoss ចំនួន៨ប្រអប់, ទឹកថ្នាំម៉ាក Lyyfeeling ១០ដប, ទឹកថ្នាំដបពណ៌ទឹកដោះគោ ៦ដប, ម៉្សៅម៉ត់ពណ៌សម៉ាក Clearama ទម្ងន់២៥គីឡូក្រាម, ទឹកអាល់កុល ២៥លីត្រ, ជញ្ជីងថ្លឺងថ្នាំញៀន ៣គ្រឿង, ម៉ាសុីនអ៊ុតមាត់ថង់ ៤គ្រឿង, ម៉ាសុីនក្រឡុក ៣គ្រឿង, ម៉្សៅល្មៀត ១ដប, ទូរស័ព្ទដៃ៨គ្រឿង, រថយន្ត១គ្រឿង, ម៉ូតូ១គ្រឿង, លិខិតឆ្លងដែន៣ក្បាល ព្រមទាំងឧបករណ៍កែឆ្នៃ សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៥ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី៕