(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអ្នករស់ពឹងអាស្រ័យលើការ​នេសាទ​ក្នុងបឹងធំ បានគោរពសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួយស្តារព្រែកមួយខ្សែនាំទឹក​ពី​ទន្លេមេគង្គ ចូលទៅក្នុងបឹងធំ ដើម្បីរក្សាជីវិតត្រីក្នុងបឹង ក៏ដូចជានាំត្រីពីទន្លេចូលទៅក្នុងបឹងផងដែរ។

បើតាមប្រជាពលរដ្ឋដែលធ្លាប់ពឹងអាស្រ័យលើការនេសាទក្នុងបឹងនេះ បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ៣ឆ្នាំនេះ ទឹកទន្លេមេគង្គមិនបានលិចចូលទៅដល់ក្នុងបឹង ហើយព្រែកក៏មិនមានហូរចូលក្នុងបឹងផងដែរ ជាហេតុធ្វើឱ្យត្រីខ្សត់ ហើយទឹកបឹងទៀតសោតមានក្លិនមិនល្អ នាំឱ្យប៉ះពាល់ដល់ជីវិតត្រី។

ព្រោះតែមូលហេតុបែបនេះហើយ ទើបពួកគាត់ចង់ឱ្យមានការស្តារព្រែកបើកទឹកពីទន្លេមេគង្គឱ្យហូរចូលបឹង ដើម្បីបានផ្លាស់ប្តូរទឹកក្នុងបឹងឱ្យមានសភាពល្អអំណោយផលដល់ជីវិតត្រី។ បន្ថែមពីលើនោះ នៅពេលទឹកទន្លេហូរចូលបឹង ក៏ជួយនាំត្រីពីទន្លេចូលបឹងផងដែរ៕