(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សាជាថ្មីថា ការសម្រេចលុបឡូតិ៍នេសាទដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនីតិកាលទី៤ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១២នោះ គឺជាជម្រើសដ៏ល្អដើម្បីផ្ទេរការគ្រប់គ្រងទៅឱ្យប្រជាពលរដ្ឋរៀបចំជាសហគមន៍នេសាទ ផ្ដល់ផលជូនប្រជាសហគមន៍ដោយផ្ទាល់។

ការបញ្ជាក់យ៉ាងដូច្នេះគឺក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងកូនត្រី១.៥លានក្បាលចូលទៅក្នុងបឹង ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រវត្តិនៃការរៀបចំឱ្យមានឡូតិ៍នេសាទ គឺធ្វើឡើងតាំងពីដើមឆ្នាំ១៩០០ ពោលគឺតាំងពីសម័យអាណានិគមនិយមបារាំង ដែលការអនុញ្ញាតឱ្យមានឡូតិ៍នេសាទដូច្នេះគឺដើម្បីប្រមូលពន្ធចូលរដ្ឋ។ យន្តការនេះក៏ត្រូវបានលុបចេញនៅឆ្នាំ២០១២ តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនីតិកាលទី៤ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

សម្ដេចធិបតីបានបន្តថា «ការណ៍ដែលសម្ដេចតេជោដាក់ចេញគោលនយោបាយរំសាយឡូតិ៍នេសាទនៅជុំវិញបឹងទន្លេសាប គឺដើម្បីផ្ទេរការគ្រប់គ្រងទៅឱ្យប្រជាពលរដ្ឋ ប្រជានេសាទរៀបចំជាសហគមន៍បានផល ដែលជាជម្រើសដ៏ល្អដើម្បីបានផលជូនប្រជាពលរដ្ឋក្នុងនាមជាបុគ្គល ឬមួយជាសហគមន៍»

គួរជម្រាបថា យោងតាមអនុក្រឹត្យលេខ ៣៧.អនក្រ.បក ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបឡូតិ៍នេសាទជុំវិញបឹងទន្លេសាបក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ ដើម្បីទុកសម្រាប់ប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារ និងជាកន្លែងអភិរក្សជលផល។ បើតាមប្រការ១នៃអនុក្រឹត្យនេះដែរ ឡូតិ៍នេសាទទាំងអស់ជុំវិញបឹងទន្លេសាបដែលត្រូវលុបចេញនោះមានចំនួន៣៧ទីតាំង ដែលមាននៅតាមខេត្តទាំង៦ខាងលើ៕