(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងថា នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨.៨២លានតោន ទៅកាន់គោលដៅចំនួន ៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤.៨ពាន់លានដុល្លារ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។

សម្តេចបន្ថែមថា រយៈពេលប៉ុន្មានខែមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទាញអ្នកវិនិយោគ ឱ្យមកបោះទុនវិនិយោគបន្ថែមនៅកម្ពុជា ដែលការបោះទុនមិនត្រឹមតែបង្កើតការងារ ជូនប្រជាជននោះទេ ក៏ជំរុញឱ្យមានការទិញផលិតផលកសិកម្ម កាន់តែច្រើនផងដែរ។

ការថ្លែងរបស់សម្តេចធិបតីធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ និងលែងត្រី ១.៥លានក្បាល ចូលទៅក្នុងបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សម្តេចបានថ្លែងដូច្នេះថា​ «ឆ្នាំ២០២៣ កម្ពុជានាំចេញផលិតផលកសិកម្មចំនួន ៨.៨២លានតោន ទៅកាន់៧៨ប្រទេស​ ក្នុងតម្លៃសរុបប្រមាណ ៤.៨ពាន់លានដុល្លារ ហើយក្នុង១០ខែកន្លងមកនេះ រាជរដ្ឋាភិបាល ក្រសួងស្ថាប័នជំនាញ ក្រសួងពាណិជ្ជកម្ម កសិកម្ម ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធដើររកទាក់ម៉ូយបន្ថែម ទាក់ម៉ូយមិនមែនយកមកវិនិយោគក្នុងស្រុកបង្កើតការងារតែមួយមុខទេ តែទាក់ម៉ូយ ដើម្បីទិញផលិតផលយើងបន្ថែមទៀត ជាពិសេសផលិតផលកសិកម្ម»

សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកថា ក្នុងពេលដែលសម្តេចធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងបានជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង ពេលនោះចិនបានបញ្ជាក់ថានឹងទទួលទិញអង្ករកម្ពុជា និងផលិតផលកម្មកម្ពុជាបន្ថែមទៀតផងដែរ។ ដូចគ្នា នៅពេលសម្តេចធ្វើទស្សនកិច្ចនៅបរទេស តែងតែជំរុញឱ្យប្រទេសទាំងនោះ ជួយទិញផលិតកសិកម្មពីកម្ពុជាបន្ថែម។

សម្តេចបញ្ជាក់ទៀតថា នាពេលកន្លងទៅថ្មីនេះ ឆ្លើយតបក្តីកង្វល់របស់អ្នកចិញ្ចឹមសត្វ សម្តេចបានសម្រេចផ្អាកការនាំចូលបណ្តោះអាសន្ន នូវបំណែកសាច់បង្កកមួយចំនួន ដើម្បីគាំទ្រដល់អ្នកចិញ្ចឹមក្នុងស្រុក។ តែយ៉ាងណាសម្តេចសង្កត់ថា ការបិទមិនឱ្យនាំចូល ក៏ត្រូវគិតគូរអំពីតុល្យភាពតម្រូវការ និងការផ្គត់ផ្គង់ផងដែរ ដើម្បីកុំឱ្យមានការឡើងថ្លៃ ប៉ះពាល់ដល់អ្នកប្រើប្រាស់។

សម្តេចថ្លែងថា «ដូចខ្ញុំនិយាយចឹង ជួយកសិករឱ្យឡើងថ្លៃ ឱ្យចំណូលបានច្រើន តែអ្នកហូបគាត់សួរហើយ ធ្វើម៉េចកុំឱ្យអាហារខ្ញុំឡើងថ្លៃ នេះគឺជាតុល្យភាព ដែលយើងត្រូវគិតគូរ ចំណូលដល់កសិករ ប៉ុន្តែជីវភាពរស់នៅ និងអតិផរណារបស់យើង»

កសិផលដែលកម្ពុជានាំចេញរួមមាន៖ អង្ករ ស្រូវ កៅស៊ូ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ផ្លែមៀនស្រស់ ដូងប្រេង ម្រេច បន្លែចម្រុះ និងកសិផលចំនួន១០០មុខផ្សេងទៀត។

ក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្ម សម្រេចបានជិត ៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨.៦លានតោនទៅ កាន់ទិសដៅ ៧៤ ប្រទេសកើនឡើង ៧.៨ភាគរយ ធៀបឆ្នាំ២០២១៕