(កំពង់ចាម)៖ ថ្លែងក្នុងទិវាមច្ឆជាតិ ០១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានសត្វផ្សោតទន្លេមេគង្គប្រមាណ១០៥ក្បាល ខណៈការស្លាប់របស់សត្វផ្សោតមេគង្គមានការថយចុះ។

លោកបានបន្តថា ក្រោមការដឹកនាំដ៏មុតស្រួច និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងខិតខំប្រឹងប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការលើកស្ទួយផលិតកម្ម, ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ជាលទ្ធផល ក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផលកសិកម្មជាង៨លានតោន ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត៥ពាន់លានដុល្លារទៀតផង។

ក្នុងអនុវិស័យជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព ដោយរក្សាតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍ។ ពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងអភិរក្សធនធានជលផល ក្រសួងបាននិងកំពុងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើបទល្មើសនេសាទ និងការផលិតចែកចាយឧបករណ៍នេសាទដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ធនធានជលផល, ជំរុញចលនាលែងត្រីមេពូជ និងត្រីរងគ្រោះថ្នាក់ចូលក្នុងធម្មជាតិវិញ, ចាត់វិធានការគ្រប់គ្រងម៉ឺងម៉ាត់ក្នុងរដូវបិទនេសាទ, សាងសង់ជណ្តើរត្រីដើម្បីជួយសម្រួលដល់ការផ្លាស់ទីរបស់ត្រី និងសង្គ្រោះត្រីមេពូជនៅតាមកន្លែងអភិរក្សដែលរីងស្ងួត នៅរដូវប្រាំងដោយសារអាកាសធាតុឡើងកម្តៅខ្លាំងនិងអូសបន្លាយពេលយូរ ដោយបានធ្វើការស្តារបូមទឹកបញ្ចូល ឬជីកប្រឡាយបង្ហូរទឹកចូល។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា៖ «ជាក់ស្តែងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះ អត្រាស្លាប់របស់សត្វផ្សោតទន្លេមេគង្គត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់គឺពី១១ក្បាល នៅឆ្នាំ២០២២ មកត្រឹម៥ក្បាល នៅឆ្នាំ២០២៣ ខណៈដែលអត្រាកើតបានកើនឡើងពី ៦ក្បាលក្នុងឆ្នាំ២០២២ ដល់៨ក្បាលនៅឆ្នាំ២០២៣ ហើយសម្រាប់រយៈពេល៦ខែដើមឆ្នាំ២០២៤ ផ្សោតកើតកូនបាន០៨ក្បាល និងស្លាប់តែ០២ក្បាលប៉ុណ្ណោះ ដែលនេះគឺដំណឹងដ៏គួររំភើបរីករាយ បច្ចុប្បន្នកម្ពុជាមានសត្វផ្សោតទន្លេមេគង្គចំនួនប្រមាណ១០៥ក្បាល»

ទន្ទឹមនឹងនេះ ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍ តាមរយៈគម្រោងអច្ឆរិយៈភាពនៃទន្លេមេគង្គចាប់ពីឆ្នាំ២០២០មក រដ្ឋបាលជលផលបានប្រលែងត្រីមេពូជចំនួន ២១,៣៦៣ក្បាល រួមមាន បបែលទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីប្រាធំ និងត្រីត្រសក់ក្រហមជាដើមចូលទៅក្នុងធម្មជាតិវិញ ដោយមានកិបស្លាកភ្ជាប់ប្រព័ន្ធតាមដាន ដើម្បីសិក្សាអំពីបម្លាស់ទីរបស់មច្ឆជាតិទាំងនោះ។ លោក ឌិត ទីណា បានបន្តថា កាលពីខែមិថុនា ឆ្នាំ២០២២ ប្រជានេសាទយើងចាប់បានត្រីបបែលទឹកសាបទម្ងន់ប្រមាណ ៣០០គីឡូក្រាម ដែលត្រូវបានប្រសិទ្ធនាមថា «បូណ៌មី» និងត្រូវបានកត់ត្រាជាត្រីទឹកសាបធំជាងគេបង្អស់នៅលើពិភពលោកនៅខែវិច្ឆិកា ឆ្នាំ២០២៣ ដោយគណៈកម្មការ Guiness World Record។ អ្នកជំនាញបានកិបប្រព័ន្ធតាមដានការផ្លាស់ទីរបស់ត្រីបបែលយក្សបូណ៌មី មុននឹងលែងចូលទៅក្នុងធម្មជាតិវិញ។

លោកបានបន្តថា អ្វីដែលគួរឱ្យកត់សម្គាល់ផងដែរនោះ គឺការកើនឡើងនៃផលចាប់ត្រីទឹកសាបក្នុងអត្រាប្រមាណ៥% ធៀបនឹងឆ្នាំ២០២២កន្លងទៅ ដែលធ្វើឱ្យបរិមាណត្រីទឹកសាបប្រមូលបានក្នុងឆ្នាំ២០២៣ កើនដល់ជាង ៤២៦ពាន់តោន ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវលទ្ធផលនៃការពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផលក្នុងរដូវបិទនេសាទ ដោយចាត់វិធានការគ្រប់គ្រងម៉ត់ចត់ និងការយល់ដឹងកាន់តែប្រសើរជាងមុនរបស់ប្រជានេសាទ អំពីនិរន្តរភាពធនធានជលផល។ ក្នុងឆ្នាំ២០២៣នោះដែរ នៅតាមតំបន់ឆ្នេរសមុទ្រប្រជានេសាទ តាមសហគមន៍មានស្មារតីភ្ញាក់រលឹកខ្ពស់ និងបានស្ម័គ្រចិត្តលែងក្តាមសេះមានពងក្រៅចំនួនជាង ៥៦,០០០ក្បាល និងវារីសត្វសមុទ្រដទៃទៀតទៅក្នុងធម្មជាតិវិញ ដើម្បីធានានិរន្តរភាពធនធានជលផលសមុទ្រ។ ជាមួយគ្នានេះ ក្រសួងបានសង្កេតឃើញមានវត្តមានសត្វសមុទ្រកម្រកាន់តែច្រើនជាងមុនផងដែរ នៅក្នុងដែនសមុទ្រកម្ពុជាដូចជា ផ្សោតសមុទ្រ ជ្រូកទឹក អណ្តើកសមុទ្រ ល្មេច សេះសមុទ្រជាដើម៕