(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញដើម្បីចុះត្រួតពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសាររុយពណ៌ស បំផ្លាញស្រូវរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមរយៈការចុះត្រួតពិនិត្យដល់ទីតាំងខាងលើនេះឃើញថា ដំណាំស្រូវដែលបានទទួលរងផលប៉ះពាល់ដោយសាររុយស បំផ្លាញនេះអស់ជាច្រើនហិចតា ដែលជាការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋក្នុងការប្រមូលផល។ កន្លងមកនៅលើដីស្រែទាំងនេះបងប្អូនប្រជាកសិករអាចបង្កបង្កើនផលស្រូវបាន៣ដង ក្នុងមួយឆ្នាំ។

ក្នុងនោះប្រជាកសិករបានរាយការណ៍ជូនលោកអភិបាលខេត្តថា រុយពណ៌សនេះ បានហើរមកបំផ្លាញស្រូវជាង១ខែមកហើយ ហើយវាចុះស្រែណា ស្រែនោះខូចស្ទើទាំងស្រុង ខ្លះធ្វើស្រែពីរហិកតាខូចជាង១ហិកតា កន្លះទៅហើយ។ ប្រជាពលរដ្ឋបន្តថា គាត់បានព្យាយាមបាញ់ថ្នាំដែតែមិនមានប្រសិទ្ធភាពនោះទេ។

លោក ភុន សម្ភស្ស អភិបាលស្រុកព្រះស្តេច បានឲ្យដឹងថា មិនត្រឹមតែឃុំល្វានេះទេ ជួបបញ្ហារុយសបំផ្លាញស្រូវមានទូទាំងស្រុក ហើយឃុំរងគ្រោះជាងគេឃុំបឹងដោល ឲ្យតែដើរតាមវាលឃើញស្រែណាស្រូវមានពណ៌ក្រហម ទីនោះគឺរុយសបំផ្លាញ។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានថ្លែងថា ការបាញ់ថ្នាំកំចាត់កាន់តែច្រើន វាធ្វើឲ្យសំបូរសត្វបំផ្លាញកាន់តែច្រើន ព្រោះថាថ្នាំគីមីកសិកម្ម កំចាត់ផង ការពារផង ទាក់ទាញក្លិនវា ឲ្យសត្វមកវិញផង  ហើយការងារជាក់ស្តែង មន្ទីរកំពុងរកវិធីសាស្ត្រក្នុងការកំចាត់សត្វរុយពណ៌សនេះ ឲ្យបានលឿនបំផុត។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំឲ្យមន្ត្រីជំនាញធ្វើការទប់ស្កាត់ដោយការបាញ់ថ្នាំសម្លាប់សត្វល្អិតចំពោះដំណាំស្រូវដែលរងផលប៉ះពាល់ទាំងអស់ និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងតាមដានជាប្រចាំចំពោះបញ្ហារុយពណ៌ស ដែលបំផ្លាញស្រូវប្រជាពលរដ្ឋនេះផងដែរ៕