(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអំពាវនាវប្រជាពលរដ្ឋ សិស្ស និស្សិត និងប្រព័ន្ធផ្សព្វផ្សាយសូមរួមគ្នាធ្វើការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហគមន៍គ្មានគ្រឿងញៀន ដោយនិយាយថា ទេចំពោះគ្រឿងញៀន​ ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន, ចូលរួមលុបបំបាត់គ្រឿងញៀន, ការសេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម, ត្រូវចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន, រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន។

លោក ប្រាក់ សោភ័ណ អំពាវនាវយ៉ាងដូច្នេះក្នុងការប្រកួតកីឡាបាល់ទាត់មិត្តភាព រវាងរដ្ឋបាលខេត្តសៀមរាប និងក្រុមក្លីបបាល់ទាត់ផ្ការីកគ្រប់រដូវ ដើមី្បអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតារាងបាល់ទាត់ អេស​ អ​ យូ (ផ្លូវក្រវាត់ក្រុង) ក្នុងក្រុងសៀមរាប។

លោក ប្រាក់ សោភ័ណ បានបន្តថា កម្មវិធីប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវា អន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ « រួមគ្នាវិនិយោគលើ ការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។ កីឡារស់ក្នុងសន្តិភាព ដើម្បីមិត្តភាព សុខភាព សប្បុរសធម៌ និងចៀសឆ្ងាយពីគ្រឿងញៀន។

លោកបន្តថា ដើម្បីអនាគតកូនចៅយើង, កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន និងការផលិត ចរាចរ រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់។ ម៉្យាងទៀត ត្រូវទាមទារឲ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធទាំងអស់អនុវត្ត ៣កុំ មួយរាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍អំពីបទល្មើសគ្រឿងញៀនសំដៅធ្វើឲ្យសៀមរាបផ្ទះខ្ញុំ គ្មានគ្រឿងញៀន។ កីឡារស់ក្នុងសន្តិភាព ដើម្បីមិត្តភាព សុខភាព សប្បុរសធម៌ និងចៀសឆ្ងាយពីគ្រឿងញៀន ចាប់ពីពេលនេះតទៅ។ 

លោក ប្រាក់ សោភ័ណ បានបន្តទៀតថា បញ្ហាគ្រឿងញៀនខុសច្បាប់នេះ ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការដ៏មុតស្រួច តាមរយៈបទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការមុឺងម៉ាត់ និងបទបញ្ជាដាច់ខាត ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់ អាវុធ និង មន្ត្រីជាប់កិច្ចសន្យា តាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ។

ចំពោះលទ្ធផលនៃការប្រកួតបាល់ទាត់នៅគួរទី១ រវាងក្រុមកីឡាបាល់ទាត់សៀមរាប យូណាក្លីប និងក្លីបបាល់ទាត់ផ្ការីកគ្រប់រដូវ U១២ និង១៦ឆ្នាំ ត្រូវបានក្រុមកីឡាបាល់ទាត់សៀមរាបយូណាក្លីប យកឈ្នះលើក្រុមក្លីបបាល់ទាត់ផ្ការីកគ្រប់រដូវ ដោយលទ្ធផល ៧ ទល់នឹង៤។ ដោយឡែក ក្រុមទី២ រវាងក្រុមកីឡាបាល់ទាត់ រដ្ឋបាលខេត្តសៀមរាប និងក្រុមក្លីបបាល់ទាត់ផ្ការីកគ្រប់រដូវ ជាលទ្ធផល ក្រុមក្លីបបាល់ទាត់ផ្ការីកគ្រប់រដូវ យកឈ្នះ ក្រុមកីឡាបាត់ទាត់ រដ្ឋបាលខេត្តសៀមរាប ២ ទល់នឹង១៕