(ភ្នំពេញ)៖ លោក អ៊ាម សាឯម មានអាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជាកម្មករសំណង់ បានគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងកជើងខាងឆ្វេង ដោយគ្មានលទ្ធភាពព្យាបាល លោកក៏ត្រូវបានបញ្ជូនទៅព្យាបាលតាមបែបបុរាណ រយៈពេល១ខែ តែស្ថានភាពកាន់តែឈឺចុកចាប់គ្មានធូរស្បើយ។

លោកក៏បានជួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋក្នុងបរិវេណ វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី អរុណវតី ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដោយស្ថានភាពធ្ងន់ធ្ងរក្រុមគ្រូពេទ្យ TYDA ក៏សម្រេចបញ្ជួនគាត់ភ្លាមៗទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។ រាល់ការចំណាយទៅលើការព្យាបាលសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាអ្នកដោះស្រាយថវិកាជូនគ្រួសារលោក អ៊ាម សាឯម៕