(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធ និងបើកវគ្គបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ វគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ និងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់វរសេនាតូចថ្មើរជើងលេខ៥១៤ ដែលប្រព្រឹត្តទៅនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ពិធីនេះមានអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥, មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងនិងពលទាហាន កងពលតូចថ្មើរជើងលេខ៥១, មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កងការពារព្រំដែន៥០៣ និងមេបញ្ជាការអង្គភាពចំណុះយោធភូមិភាគទី៥។

មានមតិសំណេះសំណាលក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ សេង ធារិន បានលើកថា សិក្ខាកាមបើកវគ្គនេះត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ល្អ មានសាមគ្គីឯកភាពគ្នាខិតខំប្រឹងប្រែងក្នុងការរៀនសូត្រដើម្បីទទួលលទ្ធផលបានល្អប្រសើរគ្រប់ៗគ្នា។

តំណាងកម្មសិក្សាការីបានឡើងធ្វើការប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញច្បាប់លក្ខន្តិក:កងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ ខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូដើម្បីយកទៅអនុវត្តនៅអង្គភាពឱ្យបានល្អ។ ប្តេជ្ញាចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្កើនប្រសិទ្ធភាពការងារទ្វេដង។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានឧបត្ថម្ភជូនវគ្គហ្វឹកហ្វឺននេះថវិកាចំនួន ២,០០០,០០០រៀលផងដែរ៕