(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ គ្រីស្ទបរិស័ទទូទាំងប្រទេស បានប្រារព្ធពិធី ទិវាអធិដ្ឋានជាតិ នៃគ្រីស្ទបរិស័ទសម្រាប់កម្ពុជា។ មន្ត្រីជាន់ខ្ពស់គ្រីស្ទបរិស័ទកម្ពុជា លោកបណ្ឌិត សៀ សុភ័ក្រ្ត បានលើកទឹកចិត្តគ្រីស្ទបរិស័ទគ្រប់បណ្ដាខេត្ត ក្រុង ស្រុក ខណ្ឌ រួមគ្នាជាចលនាទិវាអធិដ្ឋានជាតិ ០១ កក្កដា។

ការប្រារព្ធពិធីនេះ គណៈកម្មការថ្នាក់ជាតិ បានចាត់ចែងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទតាមបណ្ដា រាជធានី ខេត្ត ក្រុង អធិដ្ឋានជូនថ្នាក់ក្រោមជាតិនីមួយៗ ហើយក៏មានគ្រូគង្វាល ថ្នាក់ដឹកនាំក៏បានអធិដ្ឋានតម ដោយអត់អាហារ។ ជាពិសេស ការអធិដ្ឋានមាន ៣ចំណុចសំខាន់ៗសម្រាប់ទិវាអធិដ្ឋានជាតិរួមមាន៖ អធិដ្ឋានសម្រាប់ព្រះមហាក្សត្រ អធិដ្ឋានសម្រាប់រាជរដ្ឋាភិបាលកម្ពុជា និង អធិដ្ឋានជូននីតិបញ្ញត្តិ ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងមន្ត្រីរាជការគ្រប់ស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាពផងដែរ។

ទិវាអធិដ្ឋានជាតិ ០១ កក្កដា ឆ្នាំ ២០២៤ នេះ ជាចលនាអធិដ្ឋាន ទូលអង្វរទៅកាន់ ព្រះវបិតាតែមួយ ព្រះរាជបុត្រាតែមួយ និងព្រះវិញ្ញាណបរិសុទ្ធតែមួយ ព្រះពិតតែមួយ។ ក្នុងនោះដែរ គណៈកម្មការថ្នាក់ជាតិ ចែកជាបីវេន ពេលព្រឹក ពេលរសៀល នឹងពេលយប់ បានសេចក្តីថា គ្រីស្ទបរិស័ទទូទាំងប្រទេសកម្ពុជា ត្រូវចំណាយថេរៈវេលាមួយថ្ងៃពេញក្នុងទិវាអធិដ្ឋានជាតិ។

សូមបញ្ជាក់ថា ទិវាអធិដ្ឋានជាតិ ប្រព្រឹត្តទៅរៀងរាល់ឆ្នាំ ០១ កក្កដា ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្នុងចំណោមព្រឹត្តិការណ៍ ជាអាទិ៍ពិធីណូអែលសម្រាប់គ្រីស្ទបរិស័ទក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រីស្ទបរិស័ទកម្ពុជា បានថ្លែងអំណព្រះគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបើកសិទ្ធិសេរីភាព យ៉ាងពេញលេញ សម្រាប់ការជួបជុំប្រជុំអធិដ្ឋាន ចលនាកិច្ចការមហាជន និងបំពេញបេសកកម្មដំណឹងល្អនៅកម្ពុជា ក្រោមម្លប់សន្តិភាព សូមព្រះយេស៊ូវ ប្រទានគ្រប់ទាំងព្រះពរ គោរពថ្វាយអង្គព្រះមហាក្សត្រ មានព្រះជន្មាយុយឺនយូរ គោរពជូន សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបុត្រាបុត្រី ដឹកនាំនាវាកម្ពុជាឆ្ពោះទៅវឌ្ឍនភាព សម្បូរសប្បាយ រុងរឿង ជានិរន្តរអាម៉ែន៕