(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកថវិកាចំនួន ៧,០០០ដុល្លារអាមេរិក ដែលជាថវិការបស់ថ្នាក់ដឹកនាំ មន្រ្តីរាជ មេធាវិស្ម័គ្រចិត្ត ព្រមទាំងក្រុមគ្រួសារ មិត្តភក្តិរបស់លោកអៀ សេងហុង ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទី៥ (ក្បែរវត្តភ្នំ)។

ក្នុងឱកាសនោះដែរ ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផាទី៥ ផងដែរ។

លោកបានសម្ដែងនូវការកោតសរសើរជូនចំពោះ លោក វេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងជាបិតាសង្រ្គោះកុមារកម្ពុជា។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី សូមកោតសរសើរផងដែរ ចំពោះលោកសាស្រ្តាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ដែលតែងតែខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដោយមិនគិតពីការហត់នឿយ ក្នុងការមើលថែទាំកុមារទាំងអស់ដែលមកទទួលការពិនិត្យ ព្យាបាល និងសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផានេះ។

ទន្ទឹមគ្នានេះដែរ ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មេធាវីស្ម័គ្រចិត្ត នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមគ្រួសារ និងមិត្តភ័ក្តិ របស់លោក ដែលបានចូលរួមចំណែកទាំងអស់គ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការឧបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផានាពេលនេះ។

សូមរំលឹកផងដែរថា នេះជាលើកទី៣ ដែលទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងបន្តចូលរួមជាមួយមន្ទីរពេទ្យគន្ធបុប្ផាក្នុងបេសកកម្មជួយសង្គ្រោះកុមារកម្ពុជាជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕