(កំពង់ឆ្នាំង)៖ ជនឆ្លៀតឱកាសមួយចំនួនតូចក្នុងខេត្តកំពង់ឆ្នាំង នៅតែបន្តលួចធ្វើសកម្មភាពរុករានទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋយកធ្វើជាកម្មសិទ្ធិពួកគេពុំមានកោតក្រែងអ្វីឡើយ។ បើទោះជាអាជ្ញាធរខេត្តបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងចេញសេចក្តីណែនាំ និងផ្សព្វផ្សាយអំពីការរឹតបន្តឹង ករណីការចូលទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋ តាំងពីថ្នាក់ស្រុក រហូតដល់ថ្នាក់មូលដ្ឋានជាញឹកញាប់ និងបានប្រើនូវវិធានការច្បាប់ចំពោះជនដែលបានរំលោភបំពានដីព្រៃលិចទឹករបស់រដ្ឋ ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ជនឱកាសនិយមមួយចំនួនតូចនៅតែបន្តលួចប្រព្រឹត្តបទល្មើសខាងលើនេះ ដោយមិនខ្លាចក្រែងច្បាប់សូម្បីតែបន្តិចសោះឡើយ។

ជាក់ស្ដែងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋបានរាយការណ៍ និងបានផ្ញើទាំងរូបភាពពាក់ព័ន្ធ និងសកម្មភាពដែលជនល្មើសដែលបានទន្ទ្រាដីព្រៃលិចទឹករបស់រដ្ឋមកកាន់ភ្នាក់ងារអង្គភាព Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ក្នុងបំណងឲ្យជួយផ្សព្វផ្សាយដើម្បីឲ្យព័ត៌មាននេះ បានលឺដល់ថ្នាក់ដឹកនាំ។

បើតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋខាងលើនេះ ពួកគាត់បានបញ្ជាក់ថា ដីព្រៃលិចទឹករបស់រដ្ឋមួយកន្លែង ដែលជនល្មើសលួចចូលឈូសឆាយទន្ទ្រាននោះ នៅចំណុចទំនប់ប្រាំងចាស់ស្ថិតក្នុងភូមិដូនវៀត ឃុំកំពង់ហាវ ស្រុកកំពង់លែង ត្រូវបានជនល្មើសលួចយកត្រាក់ទ័រចំនួន២គ្រឿង ចូលឈូសឆាយទន្ទ្រានយកធ្វើជាកម្មសិទ្ធិអស់ជាច្រើនហិកតារយៈពេលថ្មីៗនេះ ហើយក៏ត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញឲ្យចុះទៅពិនិ ត្យជាក់ស្ដែង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃ ទី១ ខែកក្កដា ឆ្នាំ២០២៤ថា ពាក់ព័ន្ធករណីដែលមានជនល្មើសបានលួចចូលឈូសឆាយទន្ទ្រានដីព្រៃលិចទឹក របស់រដ្ឋនៅចំណុចខាងលើនេះ ក្រុមការងារខណ្ឌរដ្ឋបាលជលផល ដែលមានរូបលោកជាអ្នកដឹកនាំ បានសហការជាមួយអាជ្ញាធរស្រុកកំពង់លែង និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យដល់ទីតាំងកើតហេតុជាក់ស្ដែងរួច ហើយដែរ គឺជនល្មើសពិតជាបានយកគ្រឿងចក្រចំនួន២គ្រឿងចូលឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋនៅចំណុចទំនប់ប្រាំងចាស់ ក្នុងភូមិដូនវាត ឃុំកំពង់ហាវ ស្រុកកំពង់ លែង អស់ទំហំប្រមាណជា៣ហិកតាពិតប្រាកដមែន។

ករណីនេះដែរ កម្លាំងរបស់លោកកំពុងតែធ្វើការស្រាវជ្រាវរកមុខសញ្ញាឲ្យបានច្បាស់លាស់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ តែទន្ទឹមនឹងនេះលោកស្នើសុំយ៉ាងទទូចដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មេត្តាសហការជាមួយកម្លាំងជំនាញ របស់លោកដើម្បីស្វែងរកមុខសញ្ញាជន ល្មើសឱ្យបានច្បាស់លាស់ មុននិងរៀបចំឯកសារបញ្ជូនទៅតុលាការ។

លោកក៏បានបញ្ជាក់ឲ្យដឹងទៀតថា កន្លងមករាល់កម្មវិធីអង្គប្រជុំផ្សេងៗ លោកតែងតែបានលើកឡើងអំពីបញ្ហាការទប់ស្កាត់ និងបង្ក្រាបជនឆក់ឱកាសមួយចំនួ នតូចដែលនៅតែហ៊ានលួចចូលទន្ទ្រានដីព្រៃលិចទឹករប ស់រដ្ឋយកធ្វើជាកម្មសិទ្ធិជាញឹកញាប់ផងដែរ។

រីឯចំណែកការគ្រប់គ្រងគ្រឿងចក្រកន្លងមក អាជ្ញាធរស្រុកក៏បានដាក់ផែនការយ៉ាងតឹងរឹងជាទីបំផុតទៅដល់អាជ្ញាធរឃុំ គ្រប់ឃុំត្រូវគ្រប់គ្រងឲ្យបានច្បាស់លាស់អំពីចំនួនគ្រឿងចក្រនៅក្នុងមូលដ្ឋានរបស់ខ្លួន នឹងត្រូវពិនិត្យតាមដានរាល់សកម្មភាព ដែលគ្រឿងចក្រនៅក្នុងមូលដ្ឋានរបស់ខ្លួនពេលចេញធ្វើសកម្មភាពភ្ជួររាស់ដីស្រែ។ចៀសវាងការលួចបន្លំឈូសឆាយទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋ ទីចុងបំផុតជនឆក់ឱកាសមួយចំនួនតូចនៅតែឆ្លៀតឱកាសទាល់តែបាន។ តែករណីនេះលោកមិនលើកលែង នោះទេ គឺកម្លាំងរបស់លោកកំពុងដុតដៃដុតជើងសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានយ៉ាងយកចិត្តទុកដាក់ក្នុងការវែក មុខរកជនល្មើសដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់ឲ្យទាល់តែបាន៕